ខេត្តកែប៖ កំពង់ផែទេសចរណ៍នៅកោះទន្សាយ កំពុងដំណើរការសាងសង់ ក្នុងលទ្ធផលសម្រេចបានប្រមាណជិត៥០% ហើយ។ កំពង់ផែដែលកំពុងដំណើរការសាងសង់នៅកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត៕
ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បានកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលនាថ្ងៃអនាគត នឹងនាំអោយមានកំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ។
យ៉ាងណានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុកមានលោក វ៉ៅ សុខា អភិបាលរងខេត្ត លោក ហ៊ួរ មិថុនា អភិបាលរងខេត្តនិងលោកស្រី ទិត សុខា អភិបាលរងខេត្ត លោក ខេង យ័ន អភិបាលក្រុងកែប និងប្រធានមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន អនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។
ក្នុងនោះ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានអោយដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយគិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩.៨%ហើយ ផែនេះនឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤។
លោកបន្តថា សម្រាប់គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន៨២%ហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សម្រាមស្តង់ដារ (បានសម្ភោធរួចរាល់) អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា៕ សេង ណារិទ្ធ