ក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី  រៀបចំវគ្គបណ្ដុះបណ្ដាល  ”ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព”

0

ខេត្តកែប: ក្រុមការងារសកម្មភាពជនពិការ  ក្រសួងកិច្ចការនារី សហការ ជាមួយ  មន្ទីរ កិច្ច ការ នារីខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី”ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព” ជូនដល់ សិក្ខាកាមដែលជាជនបង្គោលយេនឌ័រ មកពី៩រាជធានីខេត្ត មានរាជធានីភ្នំពេញ កណ្ដាល ព្រៃវែង ព្រះសីហនុ កោះកុង កំពុងស្ពឺ តាកែវ សៀមរាប និងខេត្តកែប ប្រមាណ៤៨នាក់។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី គឹម ចន្នី អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ក្នុងមតិស្វាគមន៍របស់ លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប បានបញ្ជាក់ថា៖ ទូទាំងខេត្តកែប ជនមានពិការភាពមានចំនួនសរុប ៦៥៩នាក់ ស្រី៣០២នាក់ ក្នុងនោះជនពិការអាយុក្រោម១៨ឆ្នាំ ៥១នាក់ ស្រី៣០នាក់ ជនពិការអាយុ១៨ឆ្នាំឡើង មានចំនួន៦០៨នាក់ ស្រី ២៧២នាក់ ជនពិការដែលមានបណ្ណសមធម៌ មានចំនួន ២៤២នាក់ ដោយឡែក ជនពិការដែលគ្មានបណ្ណសមធម៌ មានចំនួន ៤១៧នាក់ ដែលពួកគាត់មិនថិតនៅក្នុងគ្រួសារក្រីក្រ។ លោកស្រីបានបន្ដថា នៅឆ្នាំ២០២២ កន្លងទៅនេះ ខេត្តកែបបានកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តកែប ពី១៦,៤៩% នៅឆ្នាំ២០២១ មកត្រឹម ២,៦១% នៅឆ្នាំ២០២៣នេះ។

មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បញ្ជាក់ថា៖ តាមផែនការយុទ្ធសាស្រ្ដជាតិស្ដីពីពិការភាព ២០១៩-២០២៣ របស់ក្រុមប្រឹក្សាជនពិការបង្ហាញថា ដើម្បីរួមចំណែកកាត់បន្ថយការលំបាកដល់ជនមានពិការភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយដំណើរការនៃការផ្ដល់របបគោលនយោបាយជូនជនដែលមានពិការភាពក្រីក្រនៅក្នុងសហគមន៍បានចំនួន ១១,៦២៨នាក់ រួមទាំងវិធានការវិជ្ជមានផ្សេងៗទៀត ដែលធ្វើឡើងដើម្បីគាំទ្រជនពិការ រួមមាន ការស្នើរសុំសេវាសុខាភិបាល ដោយគិតថ្លៃជាដើម។ គិតត្រឹមឆ្នាំ២០១៨ ជនដែលមានពិការភាពត្រូវបានជ្រើសរើសចូលបំរើការងារតាមក្រសួងស្ថាប័នចំនួន ៤០ស្ថាប័ន សរុប ២,៣៩៣នាក់ ក្នុងវិស័យឯកជនមានចំនួន ៣,៤៧០នាក់ ក្នុងចំណោមក្រុមហ៊ុន ចំនួន៧៧ក្រុមហ៊ុន។ លោកជំទាវ បន្តថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ ៖
-ជំរុញការអនុវត្ត កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរិមា។
-លើកកំពស់តួនាទី សិទ្ធអំណាច និងការទទួលខុសត្រូវរបស់ស្ត្រី យុវជន ជនមាន ពិការភាព ក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជាស្រ្តី យុវជន និងជនមានពិការភាព ដើម្បីទទួលបានមុខតំណែងគ្រប់គ្រងនានានៅក្នុងស្ថាប័នសាធារណៈសំដៅធានាការបង្កើនការចូលរួមរបស់ស្រ្តី យុវជន ជនមានពិការភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន និងសមធ៌មសង្គម។
-លើកកំពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីបានសមរម្យនិងថ្លៃថ្នូរ។

លោកជំទាវសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ បានចែករំលែកនូវបទពិសោធន៍ ចំណេះដឹងថ្មីៗទាក់ទងនឹងច្បាប់ជាតិ អន្ដរជាតិ និងគោលនយោបាយនានាពាក់ព័ន្ធនៃការលើកកម្ពស់សិទ្ធិជនពិការ ការបញ្ច្រាបយេនឌ័រ ក្នុងវិស័យពិការភាព ការធ្វើបរិយាបន្នពិការភាព តាមរយៈការធ្វើបទបង្ហាញរបស់លោក ជំទាវអនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សា លោកស្រីអគ្គនាយករង គ្រូឧទ្ទេសទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ  ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០  ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរកិច្ចការនារីខេត្តកែបនាពេលនេះ បានលើកឡើងនូវប្រធានបទមួយចំនួនរួមមាន៖  យេនឌ័រ និងពិការភាព, សេចក្ដីផ្ដេីម នៃការស្វែងរកការគាំទ្រមតិ, ការកំណត់ និងវិភាគបញ្ហា, ការកំណត់ និងវិភាគអ្នកពាក់ព័ន្ធ, ការបង្កើតគោលបំណង, ការបង្កើតសារ, យុទ្ធវិធី ក្នុងការស្វែងរក នៃការស្វែងរកការគាំទ្រមតិ និង ការបង្កើតផែនការសកម្មភាពជាដើម៕ សេង ណារិទ្ធ