អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទាំងនេះ ទៅបម្រើជាតិ ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ប្រកបដោយប្រសិទ្ធភាពខ្ពស់

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាព នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ។

ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ នៃយោធភូមិភាគទី៤  នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពី មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត  ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានបញ្ជាក់ថា ដើម្បីពង្រឹងលើវិស័យការពារ ជាតិ សម្តេចធិបតី បានយកចិត្តទុកដាក់បំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ថ្នាក់គ្រប់ជំនាញ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាពក្នុងការប្រយុទ្ធ និងការការពារបូរណៈ ភាពទឹកដី។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា បានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត បានថ្លែង កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ច របស់អង្គភាពតំបន់ប្រតិបត្តិការសឹងរងខេត្ត ដែលរក្សាបាននូវសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។

លោក គីម រិទ្ធី មានប្រសាសន៍ទៀតថា ភាពជោគជ័យដែលយើងទទួលបាន អាស្រ័យដោយមានការដឹកនាំ ប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេស ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការសិក្សា រៀនសូត្រ និងបទពិសោធន៍ថ្មីៗនាពេលនេះ សូមយកចំណេះដឹងទាំងនេះ ទៅបម្រើការងារនៅអង្គភាពឱ្យមានប្រសិទ្ឋភាព  និងយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឲ្យខាងតែបានដាច់ខាត។

សូមជម្រាបថា វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែង យុទ្ធវិធីថ្នាក់ពួក និងក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រព្រឹត្តទៅនៅថ្ងៃទី១៩កក្កដា២០២៣ និងបានបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ៕ដោយ៖ឡុង សំបូរ