កំពង់ធំ÷ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង៩ ក្រុប្រតិបត្តិសាខាសរុបចំនួន៣៩នាក់ ។
ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាខេត្ត បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា។
ឯកឧត្តម ងួន រតនៈ បានបង្ហាញពីរបៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖១.ការបើកអង្គប្រជុំរបស់ប្រធានគណៈកម្មាធិការសាខា។ ២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៣។ ៣.ការលើកឡើងរបស់អនុសាខាក្រុង/ស្រុកទាំង៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារអនុវត្តបន្ត។ ៤.ការចូលរួមពិភាក្សាលើទិសដៅការងារអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៣។ ៥.អនុសាសន៍ផ្សេងៗ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានផ្ដាំផ្ញើដល់អនុសាខាក្រុង/ស្រុក៩ទាំងអស់ ត្រូវតែយកចិត្តទុកដាក់តាមដានរាល់សកម្មភាព នៃបាតុភូតធម្មជាតិកើតឡើងជាយថាហេតុ ដើម្បីផ្តល់អំណោយរបស់សាខា អនុសាខាដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។ ពិសេសសូមចូលរួមតាមដានពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីការពារគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺផ្សេងៗដែលកើតមានឡើងនៅក្នុងសហគមន៍ ឱ្យពួកគាត់មានវិធានការទប់ស្កាត់ កុំឱ្យមានការរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អត្ថបទលោក ធូ កែវមុន្នី-កែសម្រួលដោយអ៊ុមញឹប៕