កំពង់ចាម: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ប្រទេសកម្ពុជាជាទ្រនំសុភមង្គល ដូច្នេះយេីងត្រូវរៀបចំទ្រនំជូនប្រជាពលរដ្ឋ ឱ្យបានរស់នៅដោយសុភមង្គល និងភាពរីកចម្រើន តាមរយៈការចុះបញ្ជីដីធ្លី និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២២៣ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងប្រតិភូជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងឯកឧត្តមអភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូចំនួន៣០គ្រឿង និងសម្ភារៈមួយចំនួនទៀត ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម សម្រាប់ប្រេីប្រាស់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ។
បេីតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចបាន -ប្រមូលទិន្នន័យ 758,328 ក្បាលដី – បិទផ្សាយ 738,798 ក្បាលដី -នៅបិទផ្សាយ 19,530 ក្បាលដី – ចេញបណ្ណ 734,064 ក្បាលដី -ចែកដល់ដៃ 732,494 ក្បាលដី ៕