ស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា តំណាងមណ្ឌលស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ និងការរៀបចំដាក់ប្រពន្ធលូរំដោះទឹកជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
នាឱកាសចុះពិនិត្យមើលវឌ្ឍនភាពជីកប្រឡាយរៀបចំដាក់លូរំដោះទឹក នៅស្រុករមាសហែកនេះ ក៏មានការចូលរួម ពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុករមាសហែក អធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ការដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិការ នៅផ្ទះ៤០០ខ្នង នៅភូមិជីកដី គឺធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីលោក វង សូត អនុប្រធានទី២ រដ្ឋសភា នាយឧត្តមឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក។
ឯកឧត្តម ប៉េង ពោធិ៍សា បានជំរុញឲ្យអាជ្ញាធរស្រុក មន្ត្រីពាក់ពន្ធ័ត្រូវសហការជាមួយក្រុមហ៊ុនដាក់លូ ដើម្បីជួយសម្រួលក្នុងការកាយ ប្រឡាយដាក់លូរំដោះទឹកចេញឲ្យបានឆាប់ រហ័សកុំឲ្យប៉ះពាល់ដល់ផល ដំណាំរបស់បងប្អូនអតីតយុទ្ធជន ដែលរស់នៅផ្ទះ៤០០ខ្នងនេះ ហើយក្រុមហ៊ុនដែលទទួលធ្វើការ កាយប្រឡាយ ដាក់លូ អមសងខាងផ្លូវ ត្រូវធានាឲ្យបាននូវគុណភាពល្អយូរអង្វែង។
លោកជំទាវ ដួង វណ្ណា បានណែនាំឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់បន្ថែម ចំពោះជីវភាពរស់នៅក៏ដូចជាសុខមាលភាព របស់បងប្អូនអតីតយុទ្ធជននៅតំបន់ផ្ទះ៤០០ខ្នងនេះ ឱ្យបានល្អប្រសើរ ជាពិសេស ខណៈដែលមានអតីតយុទ្ធជន ណាម្នាក់មានជំងឺ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីព្យាបាលទាន់ពេលវេលា ដែលទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ និងគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ៕គឹមសេង