រយៈពេល ៩ខែ ដើមឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្ត បានប្រមូលចំណូលពន្ធចំនួន ៦,៩៤០,៨៦៤,៩៤៩ រៀល ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ

0

ដោយសេង ណារិទ្ធ
ខេត្តកែប: ក្នុងរយ:កាល៩ខែ នៃដើមឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តកែប បានប្រមូលចំណូលពន្ធចំនួន៦,៩៤០,៨៦៤,៩៤៩ រៀល ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ។
ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងដោយ លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង អំពីលទ្ធផលនៃការប្រមូលពន្ធរយៈពេល ៩ខែ ដេីមឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អុឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាខាពន្ធដារខេត្ត។
លោក អៀង ក្អូន បានបញ្ជាក់ថា ចំណូលពន្ធរយៈពេល ៩ខែ ដេីមឆ្នាំ២០២៣ នេះ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការថយចុះចំនួន ៤,៩៤៩,១២៦,៣៧៨ រៀល ស្មើនឹង -៤១.៦២% បញ្ហាទាំងនេះដោយសារតែកើតមានឡើងសង្គ្រាមរវាង អ៊ុយ ក្រែន និងរុស្ស៊ី ដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងកម្ពុជារបស់យើងផងដែរ។

ទោះជាយ៉ាងនេះក្តី លោក អ៉ឹម បញ្ញារិទ្ធិ បានលើកឡើងដោយកោតសរសើរ និងលើកទឹកចិត្តអោយមន្ត្រីពន្ធដារ ត្រូវខិតខំបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្ត សារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រ កៀរគរចំណូល ២០១៩-២០២៣ ដើម្បីសម្រេចបាននៅលទ្ធផលប្រមូលចំណូលពន្ធអោយអស់សក្តានុពល និងកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកអភិបាលរង ខេត្ត ក៏បានផ្តល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសាខាពន្ធដាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ពាក់ព័ន្ធ នូវចំណុចមួយចំនួនដូចខាងក្រោម៖
១-ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាខាពន្ធដារខេត្ត ត្រូវអនុវត្តតាមយុទ្ធសាស្ត្រណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជក និយោជិក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។
-ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
-ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលពន្ធ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ។
២-ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ ត្រូវប្រកាន់ភ្ជាប់នូវគុនតម្លៃគោលការណ៍៣ សំខាន់ៗ
-រដ្ឋបាលកិច្ចល្អប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំ គុណាធិបតេយ្យ ដែលសំដៅលើ គណនេយ្យភាព សមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងារ។
-អ្នកចូលរួមអនុវត្តទាំងអស់ត្រូវមានឆន្ទៈ មុះមុត ការបោះបង់ មានភាពទទួលខុសត្រូវខ្ពស់ សំដៅអនុវត្តការងារក្នុងស្មារតី បុរេសកម្ម និងតម្កល់ផលប្រយោជន៍ជាតិ និងអង្គភាពជាធំ។
-មន្ទីរអង្គភាពនានា និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រវិធានការនានារបស់រដ្ឋបាលសារពើពន្ធ ធ្វើយ៉ាងណាអោយការប្រមូលចំណូលពន្ធសម្រេចបានតាមផែនការកំណត់។

ទន្ទឹមនោះ លោក អ៉ឹម បញ្ញារិទ្ធិ សូមអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់សូមស្មគ្រចិត្តមកបំពេញកាតព្វកិច្ចសារពើពន្ធ ស្រមតាមច្បាប់កំណត់ជៀសវាងមានការអនុវត្តដោយបង្ខំ ដែលអាចធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ និងមុខរបរផ្សេងៗជាដើម៕