កំពង់ធំ÷ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការខ្លឹមសារ បានដឹកនាំប្រជុំជាមួយប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មានទាំងអស់ ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យអុំទូកនៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាពិធីបុណ្យមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងការលើកទឹកចិត្តដល់ក្រុមកីឡាករ និងបងប្អូនប្រជាពលរដ្នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ឋ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តបានលើកឡើងថា ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ១៤-១៥កើតនិងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តគ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤កើត និង១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។
ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធិកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្តមានកិត្តិយស សូមអំពាវនាវដល់ សប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់បើ ប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។ រដ្ឋបាលខេត្តកំពង់ធំមានក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន ចំពោះសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយ ស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងជាក់ជាពុំខាន។
សូមបញ្ជាក់ថា ទូកដែលត្រូវប្រកួតសរុបចំនួន៥៥ទូក ចំណុះពិត១.៣៧៥នាក់ កម្លាំងបំរុង៣៤០នាក់ សរុបកីឡាករទាំងអស់ចំនួន១.៧៦៥នាក់។ ក្នុងនោះទូកវែងមានចំនួន០៧ទូក ទូកខ្នាតអន្តរជាតិមានចំនួន៣២ទូក ទូកផ្កាចារមានចំនួន១៦ទូក និងទូកកងរាជអាវុធហត្ថមានចំនួន០១ទូក។ ស្រុកបារាយណ៍ចំនួន០៤ទូក ស្រុកសន្ទុកចំនួន០១ទូក ស្រុកស្ទោងចំនួន០២ទូក ស្រុកកំពង់ស្វាយ០៩ទូក ស្រុកប្រាសាទបល្ល័ង្កចំនួន០១ទូក ស្រុកប្រាសាទសំបូរចំនួន១៤ទុក ស្រុកសណ្តាន់ ០៦ទូក ក្រុងស្ទឹងសែនមានចំនួន១៦ទូក និងមន្ទីរកសិកម្មខេត្តមានចំនួន០១ទូក។ អត្ថបទលោក ធូ កែវមុន្នី