ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ចុះ ពិនិត្យទីតាំងរៀបចំ ពិធីប្រណាំងទូក ង ទូក ខ្នាត អន្តរជាតិ នៅថ្ងៃទី២៨-២៩ ខែតុលា ដេីម្បី អបអរសាទរ បុណ្យចេញព្រះវស្សា

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នេះ បាន ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន ចុះ ពិនិត្យ ទីតាំង រៀបចំពិធី ប្រណាំងទូក ង ទូក ខ្នាត អន្តរជាតិ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល នានា នៅ ថ្ងៃទី២៨-២៩ ខែ តុលា ឆ្នាំ២០២៣ ដេីម្បី អបអរសាទរ បុណ្យចេញព្រះវស្សា ។

គួរ បញ្ជាក់ ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និង បង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា មានរយៈពេលពីរថ្ងៃ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែល នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។
ព្រមជាមួយ ការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨- ៣០ ខែតុលា ឆ្នាំ២០២៣ នេះ ។

ជាមួយ គ្នា នោះ ជាមួយ គ្នា នោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន ធ្វើ ការ អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បី មាន លទ្ធភាព ក្នុង ការ ទ្រទ្រង់ ដល់ ក្រុម កីឡាករ អុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូក ខ្នាត អន្តរជាតិ នៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ ៕