ខេត្តកែប៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានថ្លែងកោតសសើរអភិបាលខេត្តកែប ដោយឯកឧត្តមមានប្រសាសន៍ថា ការយល់ដឹងនិងមានសមត្ថភាពខ្ពស់ របស់អភិបាលខេត្តកែប ឆ្លុះបញ្ជាំងពីសមត្ថភាពដឹកនាំខេត្តបានល្អទាំងផ្នែករដ្ឋបាល នយោបាយ សេដ្ឋកិច្ច និងអនុវត្តន៍បានល្អនូវការគោរពសិទ្ធិមនុស្ស នៅក្នុងមូលដ្ឋានខេត្តកែប ហើយនេះជាសំណាងរបស់ពលរដ្ឋខេត្តកែបផងដែរ។
ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំសាលាខេត្តកែប ជាមួយប្រតិភូអមដំណើរ និងមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពពាក់ព័ន្ធ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ឆ្លុះបញ្ជាំងពីតថភាពសង្រ្គាមដែលកំពុងកើតមានរវាង រូស៊ី និង អ៊ុយក្រែន សង្រ្គាមរវាង អីស្រាអែល និង ប៉ាឡេស្ទីន នៅតំបន់មជ្ឈិមបូពា៍ ដែលកំពុងកើតមាន ធ្វើអោយទីនោះលែងមានសន្តិភាព ហើយសិទ្ធសេរីភាពនានា ក៏លែងត្រូវបានអនុវត្តន៍ ការនេះឯកឧត្តមបានលើកឡើងថា បើគ្មានសន្តិភាព កុំនិយាយដល់សិទ្ធសេរីភាពនានា ហើយការអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យរឹតតែហៅលែងលឺតែម្តង។
ឯកឧត្តមបានលើកឡើងថា មានសន្តិភាពនាំអោយមានសិទ្ធក្នុងការរស់រានមានជីវិត ហើយបើមិនមានជីវិតទេ កុំនិយាយរឿង សិទ្ធមនុស្ស សិទ្ធសេរីភាពនានា ហើយក៏កុំនិយាយរឿងលទ្ធិប្រជាធិបតេយ្យ ព្រោះមិនអាចដំណើរការបាននោះទេ។
ឯកឧត្តមបញ្ជាក់ថា នៅខេត្តកែប ក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចប្បន្ន យើងបានគោរព និងអនុវត្តន៍បានល្អប្រសើរនូវសិទ្ធសេរីភាពនានារបស់ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ហើយនេះក៏យើងមិនអាចភ្លេចបាននោះទេ នូវគុណូបការៈ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់ បូជាកម្លាំងកាយចិត្ត យកអាយុជិវិតធ្វើជាដើមទុន ក្នុងការដោះដូរយកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ហើយសន្តិភាពនេះ ក៏កំពុងបន្តរក្សាបានល្អប្រសើរ ក្នុងសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានឯកភាពជាមួយការលើកឡើងរបស់អភិបាលខេត្តកែប ឯកឧត្តមក៏បានរំលេចដែរថា សន្តិភាព នេះហើយ ដែលធ្វើអោយមនុស្សយើង មានសេចក្តីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត សន្តិភាព នេះហើយ ដែលធ្វើអោយការអនុវត្តន៍នូវសិទ្ធសេរីភាពនានា អាចដំណើរការទៅបាន។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា និងហ៊ានបើកទ្វារចំហរាល់កិច្ចសន្ទា និងការស្នើរសុំជួបពីបរទេស ដើម្បីជជែកអំពីការងារសិទ្ធិមនុស្ស។
ឯកឧត្តមបានបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្យីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕ សេង ណារិទ្ធ