ឧត្តមសេនីយ៍ទោ សោម ស៊ុន  នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវ  ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ  និងគ្រួសារអតីតយុទ្ធជនពលីនៅស្រុកកំពង់ស្វាយ  

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានដឹកនាំសហការី អាជ្ញាធរដែនដីទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ  និងក្រុមគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជការផ្នែកសឹករងកំពង់ស្វាយ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន  ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោក បានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ  និងសុភមង្គល គ្រប់ៗក្រុមគ្រួសារ  ។

ឧត្តមសេនីយ៍ទោ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន  ត្រូវថែទាំសុខភាព  រស់នៅស្អាត  មានអនាម័យ  ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ   ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសសាកសួរសុខទុក្ខនេះឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកនូវអំណោយស្បៀង អាហារ  គ្រឿងឧប ភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន១២ គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ  ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ។

បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំងក្រុមការងាររគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕