ប្រាសាទមួយដែលស្អាតប្លែក ស្ថិតក្នុងក្រុងសំរោងបើសិនមានការជួសជុលឡើងវិញ នឹងក្លាយជាតំបន់ទេសចរណ៍ល្អប្រណិត ហើយអាចជួយជំរុញជីវភាពប្រជាជនរស់នៅតំបន់នេះឲ្យកាន់តែល្អប្រសើរទេ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២៣ ជាសំណង់ប្រាសាទ ដែលបុព្វបុរសខ្មែរកសាងឡើងនៅលើដីទួល ដែលមានកសិន្ទព័ទ្ធជុំវិញ និងមានស្រះទឹកតូចៗចំនួន៣ និងស្រះទឹកធំចំនួន១ នៅទិសខាងកើតចម្ងាយ២០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គចំនួនបីធ្វើអំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋសង់នៅលើខឿនតែមួយរត់តាមអ័ក្សពីជើង ទៅត្បូង និងមានហោត្រៃ ឬបណ្ណាល័យចំនួន១ ធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលធ្វើអំពីថ្មភក់ និងមានកំពែងរួម និងទ្វារចូលទាំង៤ ធ្វើអំពីថ្មភក់លាយថ្មបាយក្រៀម មានលក្ខណៈថែវខណ្ឌជាបន្ទប់ព័ន្ធជុំវិញប្រាង្គកណ្តាលទាំង៣ ដោយមានខ្លោងទ្វារបែរមុខទៅរកទិសធំៗទាំង៤ ក្នុងនោះខ្លោងទ្វារពិតបែរទៅទិសខាងកើត ដែលជាទិសតំណាងឱ្យភាពរុងរឿង ខ្ពង់ខ្ពស់ និងភាពថ្កុំថ្កើន។ ប្រាសាទល្បើក មានទីតាំងស្ថិតនៅក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីសាសនស្ថានមួយដ៏ស័ក្តិសិទ្ធិក្នុងចំណោមទីសាសនស្ថានជាច្រើន ដែលកសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញគឺព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ ហើយក៏ស្ថិតនៅក្នុងរជ្ជកាលរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ១០៥០-១០៦៦ នាពាក់កណ្តាលសតវត្សទី១១ និងជាសំណង់ស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដែលស្ថិតក្នុងរចនាបថឃ្លាំង និងរចនាបថបាភួន ហើយជាប្រាសាទដែលបានស្ថាបនាឡើងសម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា៕ដោយ៖ភ្នំដងរែក