រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នា៣ទៅ៤នាក់បានជិះរថយន្តមួយគ្រឿងម៉ាកHONGDA FIT ក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវជាតិលេខ១ ខណៈមកដល់ត្រង់ចំណុចហាងវិមានចរណៃក៏រេចង្កូតទៅខាងឆ្វេងដៃទៅបុកម៉ូតូឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលជិះច្រាស់ទិសគ្នា បណ្ដាលអោយយុវជន៣នាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី៤ខែមិនាឆ្នាំ២០១៤ នៅមុខហាងវិមានចរណៃ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកHONGDA FIT មួយគ្រឿង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ នគរបាល 2-1669 ជិះដោយយុវជនមួយក្រុមមានគ្នា៣ទៅ៤នាក់នៅក្នុងរថយន្តទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចហាងវិមានចរណៃស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ
ខណ្ឌមានជ័យ ក៏បានរេចង្កូតទៅខាងឆ្វេងដៃទៅបុកម៉ូតូសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះដោយយុវជន៣នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាជាមួយរថយន្ត បណ្តាលឱ្យយុវជនជិះម៉ូតូម្នាក់បាក់ជើងនិងភ្លៅ រីឯយុជនពីរនាក់ទៀតរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តនិងម៉ូតូត្រូវបានប៉ូលីសចរាចរយកទៅរក្សាទុកនៅខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាក្រោយ៕