អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៤នេះថា ក្រុមប៉ូលិស និង ក្រុមបាតុករ នៅក្នុងទីក្រុងហុងកុងបាន ប៉ះទង្គិចគ្នា បណ្តាលឲ្យរងរបួសមនុស្សចំនួន ២០នាក់ ដែលការតវ៉ានេះ ធ្វើឡើងអស់រយៈពេល ៣សប្តាហ៍ ដើម្បីឲ្យរដ្ឋាភិបាល ប៉េកាំងផ្តល់លទ្ធិប្រជាធិបតេយ្យ ដល់ទីក្រុងហុងកុង ក្នុងការបោះឆ្នោតជ្រើសតាំងអភិបាលក្រុង។
សារព័ត៌មានAFP បានផ្សាយថា ក្រុមប៉ូលីស រាប់សិបនាក់ ប្រដាប់ដោយខែល និង ពួកការពារ ដើររុលទៅមុខបុកជាមួយនឹងក្រុមបាតុករ ដែលឈរផ្តុំគ្នានៅភាគខាងជើងក្នុងសង្កាត់ Mongkok បណ្តាលឲ្យប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤នេះថា ពួកយើងគឺប្រើកម្លាំងតិចតួចទេ ប៉ុន្តែក្រុមបាតុករឯណោះទេ ដែលព្យាយាមវាយសម្រុកចូល ក្នុងតំបន់ហាមឃាត់។ ទោះជាយ៉ាងណាក្តី ក្រុមបាតុករបានប្រាប់ដល់អ្នកកាសែត AFP ថា ពួកគេមិនបានបង្ករឿងជាមួយប៉ូលិសនោះទេ ៕






































