កំពង់ឆ្នាំងៈ សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបាននិមន្តព្រះសង្ឃចំនួន៥អង្គមកគង់លើរថយន្ត សូត្រមន្តប្រោះព្រហ្មតាមផ្លូវជាតិ ដើម្បីរំងាប់ជើកប និងរំដោះគ្រោះក្នុងក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៥ ខែមិនាឆ្នាំ២០១៤នេះ បន្ទាប់ពីមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ជាបន្តបន្ទាប់ថ្មីៗនេះ និងដោយមានជំនឿថា មានជើងកបលងចាំឆក់យកជីវិតអ្នកធ្វើដំណើរនៅចំណុចធ្លាប់មានគ្រោះថ្នាក់ជាញឹកញាប់កន្លងមក។
លោក អៀរ ប៊ុនធឿន នាយការិយាល័យនគរបាលចរាចរណ៍ខេត្ត ជាអ្នដឹកនាំធ្វើពិធីនេះបានអោយដឹងថាៈ ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងមានការណែនាំពីលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត និងលោក អាត់ ខែម ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី០៥ ខែមិនានេះ មន្ត្រីនគរបាលចរាចរណ៍ក្រុងនិងខេត្តជាង៤០នាក់ មានរថយន្តសារ៉ែន ៣គ្រឿង និងម៉ូតូជាង២០គ្រឿង បាននិមន្តព្រះសង្ឃចំនួន៥អង្គ គង់លើរថយន្តដង្ហែក្បួន សូត្រមន្តរំដោះគ្រោះ និងរំងាប់ជើងកបដែលប្រជាពលរដ្ឋមានជំនឿថា ចាំឆក់យកជីវិតអ្នកបើកបរយានយន្ត នៅតាមចំណុចធ្លាប់មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ។
ពិធីសូត្រមន្តនេះបានចាប់ដង្ហែរប្រោះព្រហ្មពីអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដល់សួនច្បារដំរី សដែលមានចម្ងាយផ្លូវជាង៤គីឡូម៉ែត្រ។ គួរបញ្ជាក់ថាៈចំណុចលើផ្លូវជាតិលេខ៥ ជាប់សួនច្បារដំរី សកាលពីយប់ថ្ងៃទី២៨ ខែកុម្ភះ មានម៉ូតូ២គ្រឿងជិះគ្នា៣នាក់បានបុកគ្នាក្នុងទិសច្រាស់គ្នាពេញទំហឹង បណ្តាលអោយពួកគេទាំង៣នាក់របួសបែក ក្បាលបាក់ជើងជាច្រើនកំណាត់ស្លាប់ទាំងអស់គ្នាក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយកាលពីខែមុនៗក៏មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅចំណុចនេះជាច្រើនអ្នកផងដែរ។
នៅល្ងាចថ្ងនេះ ដែរ គេក៏បានឃើញនំចំណីនិងផ្លែឈើជាសំណែនរបស់សាច់ញាតិអ្នកស្លាប់មកដាក់សែន ជូនអ្នកស្លាប់នៅចំណុចនេះដែរ ដើម្បីអោយវិញ្ញាណខន្ធ័ពួកគេទៅចាប់ជាតិថ្មីកុំអោយវិលវល់នៅកន្លែងកើតហេតុ។ ចំណែកចំណុចមុខសាលាបំពេញវិជ្ចាខេត្តជាផ្លូវបត់កោងវិញនោះ ក៏មានអ្នកបើកម៉ូ តូបុកបង្គោលភ្លើងស្លាប់ជាច្រើននាក់ដែរ ដែលប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងមានជំនឿ ថាមានជើងកបចាំលងឆក់យកជីវិតអ្នកបើកបរមិនប្រុងប្រយត្ន័ និងមានរាសីទាប។
សមត្ថកិច្ចមួយចំនួនបានអោយដឹងថាៈ ការធ្វើពិធីនេះគឺជាជំនឿអរូបបិយរបស់អ្នកមានជំនឿតែប៉ុណ្ណោះ។ ប្រការសំខាន់ដើម្បីកុំអោយមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺអ្នក បើកបរយានយន្តគ្រប់ប្រភេទត្រូវតែគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរហួសល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង និងកុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពិសេសអ្នក អ្នកបើកម៉ូតូត្រូវទេពាក់មួកសុវត្តិភាព៕