កងកម្លាំង យោធាអាម៉េរិក ចាប់ផ្ដើមហ្វឹក ហាត់ប្រឆាំង នឹងជំងឺ Ebola
មន្ទីបញ្ចកោណ បានឲ្យដឹងថា សមាជិកកងកម្លាំងយោធាអាម៉េរិកចំនួន ៣០នាក់ ដែលត្រូវបាន រៀបចំឲ្យឆ្លើយតបទៅនឹង ករណីថ្មីនៃជំងឺ Ebola នៅសហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើមទទួលការហ្វឹកហាត់ និងបណ្ដុះបណ្ដាពិសេសរយៈពេល មួយសប្ដាហ៍ នៅបន្ទាយ សំ ហ៊ួស្តុន រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការហ្វឹកហាត់ និងបណ្ដុះបណ្ដានេះ នឹងរួមបញ្ចូលទាំងការគ្រប់គ្រងជំងឺឆ្លង និងរបៀបក្នុង ការប្រើប្រាស់សម្ភារៈ ដែលជា តម្រូវការដើម្បីឆ្លើយតបទៅនឹងករណីជំងឺ Ebola នេះបើយោង តាមលោក ស្ទេវ វ៉ារ៉ែន បានថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទមួយ។
ក្រោមសំណើរបស់ក្រសួងសុខាភិបាល និងសេវាបំរើមនុស្សជាតិ រដ្ឋមន្ត្រីការពារជាតិលោក ឆាក់ ហាហ្គែល បានបញ្ជាកងកម្លាំងភាគខាងជើងអាម៉េរិក ដើម្បីបង្កើតក្រុមយោធា ដែលអាច ឆ្លើយតបបាន ភ្លាមៗ និងមានប្រសិទ្ធិភាព ព្រមទាំងសុវត្ថិភាព ឆ្លើយបស្ថានភាពករណីជំងឺ Ebola ថ្មីនៅក្នុងប្រទេស។ អង្គភាពនេះ រួមមានសមាសភាពគិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញផ្នែកជំងឺឆ្លង។
លោក បានបន្ថែមទៀតថា នៅក្នុងក្រុមនេះមានសមាជិកមួយចំនួនបានទទួលការ បណ្តុះ បណ្តាលរួចហើយ ពាក់ព័ន្ធទៅនឹងជំងឺឆ្លង ហើយពួកគេទាំងអស់គ្នា នឹងទទួលបានការបណ្តុះ បណ្តាលស្តីពីវិធានការ ការពារសុខភាពជាក់លាក់ ដើម្បីទប់ស្កាត់ទៅនឹងជំងឺ Ebola។
ក្រុមដែលបានហ្វឹកហាត់រួចរាល់ហើយ នោះនឹងអាចត្រៀមខ្លួនជាស្រេចក្នុងការដាក់ពង្រាយ និងអាច ដំណើរការបានក្នុងការបញ្ជូនទៅកាន់ទីតាំងផ្សេងៗ នៅក្នុងទ្វីបអាម៉េរិក ដូចដែលក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ បានស្នើ៕