រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគផ្នែកឯកជន អោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត៤ នៅភាគឦសាន ដើម្បីបង្កើនការអភិវឌ្ឍន៍លើគ្រប់វិស័យ !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងអនុញ្ញាតឱ្យអ្នកវិនិយោគវិស័យឯកជន មកសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តចំនួន៤ នៅភាគឦសាន គឺ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលជាខេត្តស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV-DTA) ដើម្បីធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបង្កើតការងារឱ្យប្រជាពលរដ្ឋក្នុងតំបន់ និងកាត់បន្ថយការធ្វើចំណាកស្រុក ។
រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត ផាន់ ផល្លា មានប្រសាសន៍ គាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រវាងក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាពីការដាក់ចេញនូវកម្មវិធីពិសេស ជំរុញការរវិនិយោគក្នុងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង រួមទាំងមន្ទីរទាំង ៩ ដែលមានការពាក់ព័ន្ធ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះត្រូវគេដឹងថា ធ្វើឡើងមានគោលបំណងសំខាន់ជួបជាមួយ គណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដូចជា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរពាណិជ្ជកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរទេសចរណ៍, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរបរិស្ថាន និងមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីសាកសួរព័ត៌មានមូលដ្ឋាន ទាក់ទងនឹងស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន, ផែនការអភិវឌ្ឍ អនាគត និងគម្រោងអាទិភាពនានា នេះបើយោងតាមលិខិតស្នើសុំសម្របសម្រួលដំណើរទស្សនៈកិច្ចសិក្សា ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមភាគឦសាន នៃប្រទេសកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង។
លោកបណ្ឌិត ផាន់ ផល្លា មានប្រសាសន៍ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងពិសា ភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) សិក្សានិងរៀបចំដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ។ លោកថា ដើម្បី ពន្លឿនកិច្ចការងារនេះ យើងបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើទស្សនកិច្ចសិក្សាបឋមនៅខេត្តទាំងបួន ចាប់ពីថ្ងៃទី២៩សីហា ដល់ថ្ងៃទី០២កញ្ញា២០២៤ ជួបជាមួយគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ។
លោកបណ្ឌិត ផាន់ ផល្លា មានប្រសាសន៍ទៀតថា ម្តេសចបវរធិបតី លោកចង់ដាក់កម្មវិធីអភិវឌ្ឍនេះ នៅដើមឆ្នាំ២០២៥ ហើយអ្វីដែលជាការគិតគូរបស់សម្តេចនាយករដ្ឋមន្ត្រី គឺចង់ឲ្យមានការទាក់ទាញអ្នកវិនិយោគឯកជន ឲ្យមកវិនិយោគលើខេត្តទាំងបួននេះ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ ក៏ដូចជាផ្តល់នូវព័ត៌មានផ្សេងៗ ជូនដល់ក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រោះជាកិច្ចការសំខាន់ចំពោះការអភិវឌ្ឍខេត្ត ។
លោក ធូ ចាន់ពៅ បានបញ្ជាក់ថា ការមកដល់របស់ក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីដឹងពីព័ត៌មានសំខាន់ៗ ជាមូលដ្ឋានទាក់ទងនឹងស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន សក្តានុពលរបស់ខេត្ត, ផែនការអភិវឌ្ឍ អនាគត និងគម្រោងអាទិភាពនានា ដើម្បីរៀបចំគោលនយោបាយ ឲ្យត្រូវស្ថានភាពនិងសក្តានុពលរបស់ខេត្ត ធ្វើយ៉ាងណាអាចទាក់ទាញអ្នកវិនិយោគបាន៕