អភិបាលខេត្តព្រះវិហារ អំពាវនាវដល់មន្ត្រីរាជការ និងសាធារណៈជន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលកំពុងមានតម្រូវការជាចាំបាច់

0

ខេត្តព្រះវិហារ៖ ការអំពាវនាវរបស់អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឡើង ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ​នៅថ្ងៃទី៩កញ្ញា២០២៤ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែងការអរគុណ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់” ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជាពិសេស នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាមគិតជាមធ្យម ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរ នៃជំងឺផ្សេងៗ ហេតុនេះ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអំពាវនាវ ឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឱ្យមានដំណើរការជារៀងរាល់ខែជាប់ជាប្រចាំ យ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ មានអ្នកចូលរួមចំនួន​ ៥២នាក់ អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ២៤នាក់ ឈាមដែលបូមបាន ចំនួន ២៨នាក់ ក្រុមឈាម ​O+ ១២សាក់, AB+  ០៤សាក់, A+ ០៣សាក់, B+ ០៩សាក់៕ដោយ៖ឡុង សំបូរ