រដ្ឋបាលខេត្តស្ទឹងត្រែង ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារ ឯកឧត្តម ស្វាយ ញ៉ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានផ្ញើសាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព ឯកឧត្តម ស្វាយ ញ៉ន ដែលបានទទួលមរណភាព នាថ្ងៃទី២៦កញ្ញា២០២៤ នេះថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង និងក្នុងនាម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ផ្ទាល់ សូមសម្តែងនូវសមានចិត្តទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះដំណឹងនូវការបាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានសរសេរទៀតថា មរណភាពរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន​ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងក៏ដូចជាការបាត់បង់ នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលមួយជីវិតរបស់លោក បានលះបង់កម្លាំងកាយចិត្ត បម្រើប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទឹកចិត្តក្រៀមក្រំ ពោរពេញដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ ដោយក្តីសង្វេគជាពន់ពេក។

ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ