ខេត្តកំពង់ស្ពឺ : កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់រថយន្តដឹកឈើសង្ស័យជារបស់ថៅកែ រ័ត្ន នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ប្រគល់ឱ្យមេព្រៃ ខណៈដែលថៅកែរូបនោះ បាននិងកំពុងដឹកឈើជិត៤ម៉ែត្រគូប ចេញពីតំបន់ជាំ យកមកទីរួមខេត្តកំពង់ស្ពឺដើម្បីលក់បន្តទៀត។
ការឃាត់រថយន្តកែច្នៃដឹកឈើរបស់ថៅកែល្បី ឈ្មោះរូបនោះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលដែលរថយន្តដឹកឈើនោះ កំពុងធ្វើចរាចរណ៍លើដងផ្លូវ ចេញពីតំបន់ជាំ ដឹកឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងស្នាក់ការសមត្ថកិច្ចជាច្រើនទៀត ទើបមកដល់ជិតតំបន់តេទឹកពុះ កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានតែម្តង។
មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបរថយន្តដឹកឈើបានបង្ហើបឱ្យដឹងថា ការឃាត់រថយន្តដឹកឈើខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួចមកកម្លាំងជំនាញបានធ្វើការបង្រ្កាបករណីដឹកជញ្ចូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងទៀតថា រថយន្តកែច្នៃដឹកឈើដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបបានខាងលើនេះ ជារថយន្តដឹកឈើរបស់ថៅកែ រត្ន័ អាយុជិត៤០ឆ្នាំ រស់នៅម្តុំប្រឡាយច្បារមន ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបន្តថា ថៅកែ រ័ត្ន គឺជាមេឈ្មួញល្បីឈ្មោះមួយរូបខាងរកស៊ីបទល្មើសព្រៃឈើជាយូរឆ្នាំណាស់មកហើយ មិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញណាចាប់បង្ក្រាបបានទាល់តែសោះ ទើបតែពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានរថយន្តដឹកឈើនេះ ហើយម្ចាស់រត់គេចខ្លួនបាត់។
បច្ចុប្បន្ន រថយន្តនិងឈើដែល កងរាជអាវុធហត្ថបង្ក្រាបបាននេះ បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់តាសាល និងកសាងសំណុំរឿងបញ្ជូនបន្តឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕