កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដេីម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មការថ្នាក់ខេត្ត នឹងរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុងកំពង់ចាម។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នា ដេីម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុងកំពង់ចាម ឲ្យបានល្អប្រសើរ ពោលគឺត្រូវបង្កលក្ខណៈងាយស្រួល ទាំងមានសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរនូវព្រឹត្តិការណ៍ខាងលើនេះ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមក្នុងការទស្សនាកម្សាន្តដោយសប្បាយរីករាយផងដែរ ។
បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងពិធីប្រណាំងទូក ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលក្រៀមចូលរួមប្រណាំង មានសរុប ៥០ទូក មកពី ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះទូកខ្នាតអន្តរជាតិមាន ៣១ ទូក និងទូក «ង» ខ្នាតវែងមាន ១៩ទូក និងមានកីឡាករ កីឡាការិនី សរុបជាង ២,០០០ នាក់ ចូលរួមប្រកួតប្រជែង និងកីឡាករបម្រុងជាង ៤០០ នាក់ផងដែរ ៕