(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង២១,២៥០ ម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានស្ថាបនាផ្លូវដោយលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ និងជាក្រុមវិស្វកម្មស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដោយមានការសម្របសម្រួល ដំណើរការស្ថាបនាផ្លូវលំនេះឡើងដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិតស្រុក ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការអបអរសាទរចំពោះចំណងដៃថ្មីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នូវផ្លូវមួយខ្សែថ្មីទៀតនេះ និងបណ្ដាផ្លូវជាច្រើនខ្សែផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន ។ ជាមួយនោះដែរឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានសហការជាមួយអាជ្ញាធរដែនដី ក្នុងការបម្រើនិងដោះស្រាយបញ្ហាប្រឈមនានា ជូនដល់ប្រជាជននៅក្នុងស្រុកសណ្ដាន់ នាពេលកន្លងទៅ។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅខេត្តកំពង់ធំ ដើម្បីបម្រើឲ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាជន តាមរយៈវិស័យកសិកម្ម វិស័យទេសចរណ៍ កំណើនការងារសម្រាប់ប្រជាជន និងគ្រប់ពហុវិស័យផ្សេងទៀត ដើម្បីឲ្យខេត្តកំពង់ធំ ក៏ដូចជាប្រជាជននៅស្រុកសណ្ដាន់ មានជីវភាពធូរធារ ហើយនៅពេលខាងមុខខេត្តកំពង់ធំ លែងជាខេត្តដែលមានអ្នកទៅហួស និងមកហួសទៀតហើយ ។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវលំមួយខ្សែនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលបានចូលរួមក្នុងកម្មវិធីនេះចំនួន ៧៣០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២០ គីឡូក្រាម មីជាតិមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរ និងត្រីខកំប៉ុងចំនួន១ យូរ ។ ដោយឡែកសិស្សានុសិស្សយុវជនកាកបាទក្រហម និងយុវជន ស ស យ ក ចំនួន ៣០០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅពីរក្បាល ប៊ិចពីរដើម ខ្មៅដៃមួយដើម បន្ទាត់មួយដើម និងថវិកាចំនួន១០,០០០ រៀល ។ ដោយឡែកលោកគ្រូអ្នកគ្រូចំនួន ៣០នាក់ ទទួលបានថវិកាក្នុងម្នាក់ៗចំនួន ១០០,០០០រៀល ព្រមជាមួយនោះរដ្ឋបាលសាលាស្រុកសណ្ដាន់ បានទទួលថវិកាចំនួន២ លានរៀល ឃុំដងកាំបិតនិង ឃុំសណ្ដាន់ ក្នុងមួយឃុំ ទទួលបាននូវចំនួនថវិកាមួយលានរៀលផងដែរ ៕