ខេត្តកំពង់ធំ÷ ដើម្បីត្រៀមកងកម្លាំងនគរបាលជាតិ ចំនួន ៤១៧នាក់ និងមធ្យោបាយ សម្ភារៈជាច្រើនទៀត សម្រាប់បេសកកម្ម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរយៈពេល០២ថ្ងៃដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២៤ នាថ្ងៃខាងមុខនេះ។
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនាការប្រណាំងទូកខ្នាតអន្តរជាតិ និងទូលផ្កាចារ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូកនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំរួចមក លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានលើកសរសើរចំពោះស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ សម្រាប់បេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង០៨-០៩ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរគួរជាទីមោទនៈ។
លោកឧត្តមសេនីយ៍ត្រីស្នងការ ថ្លែងថានៅថ្ងៃទី១៦-១៧ ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្ត រៀបចំពិធីប្រណាំងទូក ស្ថិតនៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន ក្នុងគោលបំណងបង្ករបរិយាកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកំសាន្ត សប្បាយ និងដើម្បីសម្រង់ទូក ដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ នៅរាជធានីភ្នំពេញនាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ជារៀងរាល់ឆ្នាំពិធីប្រណាំងទូក នៅខេត្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនា កំសាន្ត ច្រើនកុះករ តាមកម្មវិធីសប្បាយភាពនានាដូចជា ÷ការសម្ដែងទស្សនីយភាព .សិល្បៈ .ប្រគំតន្ត្រី
.តាំងពិពណ៌ .បណ្ដែតប្រទីប .បាញ់កាំជ្រួច .បង្ហោះគោម ដើម្បីអបអរសាទរ នៃពិធីប្រណាំងទូក ដើម្បីបង្កបរិយាកាសល្អ ធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អប្រសើរ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅធ្វើយ៉ាង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
លោកស្នងការនគរបាលខេត្ត ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់ប្រធានក្រុមគោលដៅនីមួយៗ ក្នុងបរិវេណប្រណាំងទូកពីភាពការណ៍ បានទាន់ពេលវេលា ឆ្លើយតបកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ ។
លោកបានផ្ដាំផ្ញើ ដល់កងកម្លាំង ដែលមានភារកិច្ច ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ ជូនអ្នកធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ភាពអត់ធ្មត់ គោរពអនុវត្តវិន័យ សីលធម៌ រួមទាំងសំដីសំដៅ សុភាពរាបសារ ទន់ភ្លន់រួសរាយរាក់ទាក់ ជាមួយមហាជន ម៉ឺងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។ អត្ថបទ វហាស៍