ប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ អញ្ជើញទស្សនកិច្ចនៅគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

0

ដោយ វហាស៍

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ នៅទិសនិរតីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ហា ម៉ិញថាម និងប្រតិភូចំនួន៥០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​ ​និង​សំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ពីសកម្មភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការបណ្ដោះអាសន្នរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តទេសរដ្ឋមន្ត្រី​ កិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងដោយបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។​ ថ្ងៃនេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទទួលប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ នៃទិសនិរតីកម្ពុជា ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការ និងស្វែងយល់ដកបទពិសោធន៍ការងារជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីរចនាសម្ព័ន្ធដឹកនាំសមាគមអតីតយុវជនកម្ពុជានៅថ្នាក់កណ្ដាល ដែលមានការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីហ៊ុន សែន ជាប្រធាន រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានកងកម្លំាងប្រដាប់អាវុធទាំង៣ ជាប្រធាន និងជាអនុប្រធាន បានធ្វើឲ្យសកម្មភាពការងាររបស់សមា គមអតីតយុទ្ធជនមានការរីកចម្រើន និងបម្រើនជូនដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ បានល្អប្រសើរ ដោយបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនស្នាក់នៅ និងបានដោះស្រាយថវិការបេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារអតីតយុទ្ធជនដែលបានទទួលមរណភាព បានទាន់ពេលវេលា និងក្រោយពេលបងប្អូនអតីតយុទ្ធជនទទួលមរណភាពក្រុមគ្រួសារសពទទួលបានថវិកាធានារ៉ាប់រងសង្គម ដើម្បីចិញ្ចឹមជីវិត និងដោះស្រាយជីវភាព រស់នៅ ប្រចាំថ្ងៃផងដែរ ។

ឧត្តមសេនីយ៍ទោ ហា ម៉ិញថាម ប្រធានប្រតិភូនៃសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ បានថ្លែងនូវការកោតសរសើរចំពោះព្រះរាជាណា ចក្រកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះដែរប្រធានប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាករបស់អតីតយុទ្ធជន ជាគំរូដ៏ល្អ ត្រូវដែលរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីដកបទពិសោធន៍ក្នុងការអនុវត្តន៍បន្ត ។

ឧត្តមសេនីយ៍ទោ ហា ម៉ិញថាម បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅពេលនេះ និងសូមឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ កងទ័ពទាំងពីរ និងប្រទេសទាំងពីរ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់ប្រទេសរៀងៗខ្លួន ៕