ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមី សឹករងកំពង់ធំ  ដែលទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតអបអរសាទរពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ

0

ដោយវេហាស៍

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមី សឹករងកំពង់ធំ ដែលបានចូលរួមប្រកួត ទទួលបានជ័យលាភីលេខ២ ក្នុងការប្រណាំងអបអរសាទរពិធីបុណ្យអំទូក បណ្ដែតប្រទីប នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះក្រុមកីឡាករទូកខ្នាតអន្តរជាតិខ្លាខ្មៅសាមគ្គីមានជ័យបារមី សឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ទទួលបានជ័យលាភីលេខ ២ ជាមួយដៃគូរប្រកួត ពិសេសគឺបានលះបង់កម្លាំងកាយ​ កម្លាំង​ចិត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅខេត្តកំពង់ធំ ឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ  ស្ថិតក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  រួមជាមួយថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមកីឡាករ ដើម្បីរៀបចំអាហារសាមគ្គី អបអរសាទរលទ្ធផលនៃការទទួលបាននូវជ័យជម្នះនៅពេលនេះផងដែរ ។

លោក កែន សេរីរដ្ឋមុនី តំណាងឱ្យក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមី សឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមកីឡាករទាំងមុនពេលប្រកួត ក្នុងពេលប្រកួត និងក្រោយពេលប្រកួត ដែល​ទទួលបានជ័យជម្នះនៅពេលនេះ  និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ត​ ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅពេលខាងមុខ ឲ្យទទួលបានជ័យជម្នះ ជាថ្មីទៀត ៕