អភិបាលខេត្តកំពង់ធំ នាំយកស្រូវពូជសម្តេចមហាធិបតី ហ៊ុន ម៉ាណែត ចែកជូន​ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់

0

ខេត្តកំពង់ធំ: ដើម្បីធានាដល់ការ​ស្តារ​ឡើង​វិញ​នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងចែកស្រូវ​ពូជជូន​ប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ​ចំនួន ៥៨តោន ស្មើនឹង ៥៨០គ្រួសារ នៅស្រុកស្ទោង ហើយទីតាំងប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ​ក្រោយ​ពេល​ទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បី​ដោះ​ស្រាយ​បញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បី​លើកស្ទួយជីវភាពរស់នៅអោយបានប្រសើរឡើង ៕