បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពង្រឹងកម្លាំងការពារសន្តិសុខនៅប៉ុស្តិ៍ប្រចាំការ វារីអគ្គិសនីសេសាន្តក្រោម២ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក នៅក្នុងក្រុងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ និងចូលរួមពិធី ប្រគល់ទទួលប៉ុស្តិ៍ប្រចាំការកងរាជអាវុធហត្ថ ដល់កម្លាំងកងរាជអាវុធហត្ថការពារតាមគោលដៅ ចំនួន ៣ទីតាំង លើផ្ទៃដី ១៦៤,៣៨ម៉ែត្រការ៉េ របស់ក្រុមហ៊ុនហាយដ្រូផៅវ័រឡូវើរសេសាន្ត២ ដើម្បីសម្រួលដល់ការស្នាក់នៅ ក្នុងការការពារសន្តិសុខ សុវត្ថិភាព របស់ក្រុមហ៊ុន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

នៅថ្ងៃដដែលនោះផងដែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត នាយ នាយរង និងពលទាហាន ដែលមានការពាក់ព័ន្ធ ផងដែរ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅពេលថ្មីៗ កន្លងទៅនេះ ទទួលបានអំណោយរថយន្ត ២គ្រឿង ពីរដ្ឋបាលអភិបាលខេត្តស្ទឹងត្រែង និងនៅថ្ងៃទី២៤តុលា ម្សិលមិញ ទទួលបានរថយន្ត ១គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនហាយដ្រូផៅវ័រឡូវើរសេសាន្ត២ ។​ដោយឡែក នៅថ្ងៃទី២៥តុលា២០២៤ នេះទៀត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួលបានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿងបន្ថែមទៀត ពីរដ្ឋបាលខេត្ត ក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សម្រាប់បម្រើកិច្ចការងារលើផ្នែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះអគ្គិភ័យ និងបម្រើកិច្ចការងារសង្គមក្នុងវិស័យនានា ជាច្រើនទៀត នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ