ដោយ វេហាស៍
កំពង់ធំ÷ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅ ព្រមទាំងបានជួបប្រជុំប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជាមួយថ្នាក់ដឹកនាំ នៃកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលតំបន់អូរឃ្មង ត្រពាំងប្រើស ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែតុលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការប្រគល់ភារកិច្ចរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងទាំងអស់នៅទីបញ្ជាការស្រាលទាំង១៣គោលដៅ ត្រូវបន្តសកម្មភាពនៅក្នុងតំបន់សំខាន់ៗមួយចំនួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតមានឡើងជាថ្មី ជាដាច់ខាត ។
លោក ណុប ឆៃយ៉ា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលតំបន់អូរឃ្មង ត្រពាំងប្រើស បានឡើងរាយការណ៍អំពីគោលដៅមួយចំនួន ដែលកងកម្លាំងចម្រុះបានចេញប្រតិបត្តិការកន្លងមក ទទួលបានជោគជ័យ ហើយបច្ចុប្បន្នកងកម្លាំងចម្រុះរបស់យើងកំពុងគ្រប់គ្រងផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានកន្លងមក នឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់មេបញ្ជាការ និងប្រធានស្ថាប័ននីមួយៗ ត្រូវយកចិត្តទុកដាក់គ្រប់ គ្រងកងកម្លាំង ទាំងការស្នាក់នៅ ការហូបចុក ដោយត្រូវមានអនាម័យល្អ នឹងត្រូវថែរក្សាសុខភាព ដើម្បីបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យ ហើយត្រូវសាមគ្គីឯកភាពគ្នាក្នុងការបំពេញភារកិច្ច ។ ជាមួយនោះត្រូវមានរបបប្រជុំប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ដើម្បីរកឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិសោធន៍ និងការដាក់ចេញនូវទិសដៅ ដែលត្រូវអនុវត្តបន្តនៅពេលខាងមុខឲ្យទទួលបានលទ្ធផលល្អផងដែរ៕