រដ្ឋបាលខេត្តស្វាយរៀងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤

0

ដោយ គឹម សេង
ខេត្តស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីរត់ភ្លើងគប់កីឡាជាតិនៅក្រុងស្វាយរៀង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.មន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត និងមន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ជាពិសេសបញ្ហាជំនាន់ទឹកភ្លៀងដែលបង្ករផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងមានវិធានការឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា។
២.រដ្ឋបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យកែសម្រួលជួសជុលផ្លូវដែលមានការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
៣. រដ្ឋបាលក្រុង ស្រុក មន្ទីរពន្ធដាខេត្តត្រូវផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលាតាមច្បាប់ពន្ធដាបានកំណត់។
៤. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៥.បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។
៧.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។
៨.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណ ដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព៕