ត្បូងឃ្មុំ: ព្រឹត្តិការណ៍ប្រណាំងទូក(ង) ប្រគុំតន្ត្រីខ្នាតយក្ស តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅអាងទឹកតាវ៉ាន់(ទន្លេសិប្បនិម្មិត) នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រយៈពេលពេញ១ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ឧត្តមភរិយា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងរយៈពេញ១ថ្ងៃពេញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រណាំទូក(ង)នៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តីខ្នាតយក្ស បាញ់កាំជ្រូច ព្រមទាំងមានស្តង់លក់ផលិតផលជាច្រើនផ្សេងៗទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណចម្រុះនៅតាមផ្លូវសាធារណៈ ទីធ្លាកំសាន្តបន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការរៀបចំពិធីនេះ ឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយផងដែរ ។
គួរបញ្ជាក់ថា លទ្ឋផលការប្រកួតប្រណាំងទូកងខ្នាតអន្តរជាតិ៖ចំណាត់ថ្នាក់លេខ១ បានទៅលើកទូកងឈ្មោះ ក្រុមប្រឹក្សាខេត្ត អន្លង់ជ្រៃបារមីដម្កល់រាជ ជាទូកងរបស់ក្រុមប្រឹក្សាខេត្ត ទទួលបានពានធំ១ ទង់ជ័យលាភី១ ថវិកាចំនួន៤លានរៀល និងភេសជ្ជៈ។
-ចំណាត់ថ្នាក់លេខ២ ទូកងឈ្មោះ ស្នងការត្បូងឃ្មុំសែនជ័យ ជាទូកងរបស់ស្នកការនគរបាលខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន៣,៥លានរៀល និងភេសជ្ជៈ។
-ចំណាត់ថ្នាក់លេខ៣ ទូកងឈ្មោះ តេជោសែនជ័យបារមីត្បូងឃ្មុំ ជាទូកងរបស់មន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍ខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន៣លានរៀល និងភេសជ្ជៈ។
-និងចំណាត់ថ្នាក់លេខ៤ ទូកងឈ្មោះ តំបែរធិបតីបារមីតេជោ ជាទូកងរបស់រដ្ឋបាលស្រុកតំបែរ ទទួលបានទង់ជ័យលាភី១ ថវិកាចំនួន២លានរៀល និងភេសជ្ជៈ ដោយឡែក ទូកងចំនួន២៧ទូក ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានថវិការ១លានរៀល និងភេសជ្ជៈមួយចំនួនផងដែរ៕