ខេត្តស្ទឹងត្រែង៖ បុរសជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងការដកហូតថ្នាំញៀន ១២ដុំ មានទម្ងន់សុទ្ធ ២គីឡូក្រាម និង ២៣១.៥៩ក្រាម រួមទាំងសារធាតុមិនច្បាស់ជាច្រើនប្រភេទទៀត គ្រាដែលជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀនតាមម៉ូតូ ១គ្រឿង ហើយត្រូវបានបង្ក្រាប ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ នៅវេលាម៉ោង ៥ និង២៧នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចគោលដៅត្រួតពិនិត្យ ផ្លូវបំបែកចូលភូមិអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកជាប់ព្រំដែនឡាវ។
នៅក្នុងការបង្ក្រាបគ្រឿងញៀននោះ កម្លាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ PAN ZHENGJiAN ភេទប្រុស អាយុ ៣៣ឆ្នាំ កើតថ្ងៃទី២២ ខែមេសា(០៤) ឆ្នាំ១៩៩១ ជនជាតិចិន ទីកន្លែងបច្ចុប្បន្ន ប្រទេសចិន ប្រើលិខិតឆ្លងដែនលេខ EH7295636 និងបានរកឃើញវត្ថុតាងជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១២ដុំ មានទម្ងន់សុទ្ធ ២គីឡូក្រាម និង ២៣១.៥៩ក្រាម និងសារធាតុមិនច្បាស់ ៣ប្រភេទ គឺ ប្រភេទទឹកខ្មៅ ២១ដប ,ប្រភេទពណ៌ទឹកតែ ០១ដប និង ប្រភេទម្សៅម៉ត់ស ០១ធុង ,ដកហូត ម៉ូតូ ១គ្រឿង ,ទូរស័ព្ទ ២គ្រឿង និងលិខិតឆ្លងដែន ០១ក្បាល ផងដែរ។
មន្ត្រីនគរបាលជំនាញបាននិយាយថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះ បានធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ ហើយនៅក្រោយការបង្ក្រាប ជនសង្ស័យជនជាតិចិនម្នាក់ វត្ថុតាងគ្រឿងញៀន ១២ដុំ សារធាតុមិនច្បាស់ ៣ប្រភេទ រួមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី៩វិច្ឆិកា២០២៤ កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ ឈ្មោះ វូ យ៉េង (VUE YENG) ភេទប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P 1859439 រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់ រថយន្ត១គ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ប្រទេសឡាវ ១១១៥ និងទូរស័ព្ទចំនួន ៣គ្រឿង។
ការចាប់ខ្លួនជនជាតិឡាវ (VUE YENG) ដោយកម្លាំងនគរបាលអន្តោប្រវេសន៍ ក្នុងគ្រាដែលបុរសជនជាតិឡាវរូបនោះ បានបើកបររថយន្ត ១គ្រឿង ឆ្លងដែនពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា – ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ ។
ជនសង្ស័យជនជាតិឡាវ ជួញដូរគ្រឿងញៀនឆ្លងដែនរូបនោះ ត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួន រួមទាំងវត្ថុតាងគ្រឿងញៀន និងមធ្យោបាយបម្រើឱ្យការដឹកជញ្ជូនបទល្មើសឆ្លងដែន នៅថ្ងៃទី១២វិច្ឆិកា ម្សិលមិញ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង នោះហើយ៕ ដោយ៖ឡុង សំបូរ