ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ នៅរសៀលថ្ងៃទី១៨វិច្ឆិកា២០២៤ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើពិធីអបអរសាទរទូកង”កោះកេរធិបតី” ដែលឈ្នះលើការប្រកួត និងទទួលបានជ័យលាភីពានរង្វាន់លេខ៣ នៅទូទាំងប្រទេស ទូកង «ព្រះខ័នធិបតី» និងទូកង «ព្រះវិហារសែនជ័យ» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ (១៤-១៥-១៦ វិច្ឆិកា ២០២៤) នៅរាជធានីភ្នំពេញ ត្រូវបានដង្ហែយ៉ាងអធិកអធមបំផុត នៅលើដងផ្លូវសំខាន់ៗជាច្រើនខ្សែ យកមកតម្កល់នៅជាប់គោបុរៈទី៥ នៃប្រាសាទព្រះវិហារ នៅក្នុងបរិវេណសាលាខេត្ត ក្រោមការសាទរយ៉ាងខ្ញៀវខ្ញាពីប្រជាពលរដ្ឋ ដែលមានលំនៅឋានប្របនឹងដងផ្លូវ ក្នុងក្រុងព្រះវិហារ ផងដែរ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ (១៤-១៥-១៦ វិច្ឆិកា ២០២៤) នៅរាជធានីភ្នំពេញ កន្លងមកនេះ ទូកអុំគូរពិសេស ដែលជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ជាទូករបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងទូកដែលទទួលបានជ័យលាភីលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ដែលជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។
នៅក្នុងព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២២៤នេះ មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៣៤៦ទូក និងមានកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការទូកចូលរួមសរុបជាង ២ម៉ឺននាក់។ ព្រះរាជពិធីដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ដោយមានអ្នកចូលរួមលេងកម្សាន្ត និងទស្សនារាប់លាននាក់។
ដោយឡែក ខេត្តព្រះវិហារ មានទូកងចំនួន ២គ្រឿង ត្រូវបានបញ្ជូនទៅចូលរួមប្រកួត ប្រជែង ដោយទទួលបានជ័យលាភីជូនរដ្ឋបាលខេត្ត គឺ ១-ទូកងឈ្មោះ «កោះកេរធិបតី» ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស និង ២-ទូកង ឈ្មោះ «ព្រះខ័នធិបតី» ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៦១។ ក្រៅពីពិធីដង្ហែរទូកង ក៏មានពិធីសែនព្រេនតាមទំនៀមទម្លាប់ ប្រពៃណី ដូនតាខ្មែរ ពិធីអុជកាំជ្រូច និងពិធីជួបជុំពិសាអាហារសាមគ្គី ក្រោមបរិយាកាសសប្បាយរីករាយ ផងដែរ៕ដោយ៖ឡុង សំបូរ