កំពង់ចាម: ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អាណត្តិទី៤ នៅវត្តចន្ទសូរិយារង្សី (វត្តសំបូរ) ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់ សរុប ២១ករណី ត្រូវបានអង្គវេទិកាធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ១៤ករណី ចំពោះករណីដែលនៅ សេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ។
ក្នុងអង្គវេទិកានេះដែរ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់ សុភា អ ភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នើសុំកងកម្លាំងសម្រួលចរាចរណ៍ចម្លងសិស្ស សុំបំពាក់គ្រឿងបរិក្ខារម៉ាស៊ីនអេ កូដល់មណ្ឌលសុខភាព សុំផលដំណាំស្រូវមានតម្លៃខ្ពស់ សុំប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្លូវធ្វើដំណើរ សុំ ប័ណ្ណ ប ស ស និងឯកសណ្ឋានសម្រាប់ប្រជាការពារ សុំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ អនុ វត្តម្តង ១ឃុំ សុំដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពស្រែប្រាំង បញ្ហាចោរកម្មលួចម៉ូទ័រម៉ាស៊ីន បូមទឹកនៅតាមស្រែ និងបញ្ហាទំនាស់បិទផ្លូវ ។ ល ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជា បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍បូក សរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕