ពលរដ្ឋក្នុងស្រុកពញាក្រែក បានស្នេីសុំដោះស្រាយបញ្ហាផ្សេងៗ ២៧ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក​បានលើកឡើងជាសំណើរ​ សំណូមពរ និងកង្វល់ចំនួន ២៧​ករណី​ ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ​ អាណត្តិទី៤ ធ្វើការឆ្លើយតបភ្លាមៗ​បានមួយចំនួន​ ចំពោះករណីសេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមនីតិវិធីរដ្ឋបាល ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវត្តជីពាំង ស្ថិតក្នុងភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ក្រោមវត្តមាន ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ​ ។

ក្នុងអង្គវេទិកានេះដែរ​ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត​ត្បូងឃ្មុំ​ បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នើសុំ​ដំបូល​ព្រះវិហារ សាលារៀន ផ្លូវ អគ្គីសនី ប្រឡាយទឹក ស្ពាន បរិស្ថាន គ្រូបង្រៀន និងសណ្ដាប់ធ្នាប់សាធារណៈ ។ ល។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំ​ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សាខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត សម្រេចបានតាមរយៈការអនុវត្តសកម្មភាពក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕