លោក ស្រ៊ិន ពុទ្ធី លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធដើម្បីលុបបំបាត់ការបន្ទោរបង់ពាសវាលពិសកាល

0

(ខេត្តកំពង់ធំ )÷ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គងទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងឯកឧត្តម ព្រឹម រដ្ឋា  អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធី “អបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ ” នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤  ក្រោមប្រធានបទ(ដើម្បីរួមគ្នាធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពអនាម័យជនបទនៅកម្ពុជា)។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តម ព្រឹម រដ្ឋា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ បានជំរុញឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានផ្ទាល់ សូមចូលរួមឱ្យបានគ្រប់គ្នា និងគ្រប់ក្រុមគ្រួសារ ដើម្បីលើកកម្ពស់ការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល ហើយត្រូវប្រើបង្គន់អនាម័យគ្រប់ពេលត្រូវការ គឺគ្រប់គេហដ្ឋានយ៉ាងហោចណាស់មានបង្គន់អនាម័យស្អាតមួយ និងបានប្តេជ្ញាចិត្តនឹងនាំខេត្តកំពង់ធំឱ្យក្លាយជាខេត្តដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅដើមឆ្នាំ២០២៥ខាងមុខនេះឲ្យខានតែបាន។

ទន្ទឹមនឹងនេះលោក ស្រិន ពុទ្ធី បានជំរុញបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធត្រូវសហការគ្នាឱ្យអស់ពីលទ្ធភាព និងបន្តយន្តការលើកកម្ពស់សុខភាពអនាម័យជនបទដោយប្រើប្រាសទឹកស្អាត រស់នៅប្រកបដោយអនាម័យ និងបរិស្ថានល្អជាសហគមន៍សុខដុមនីយកម្មទាំងអស់គ្នា និងនាំគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលគីមីហួសកម្រិត ជាពិសេសផលិតផលជីនិងថ្នាំកសិកម្មដែលបានបំពុលដី ដំណាំផ្សេង ប្រភពទឹកស្អាតព្រមទាំងបរិយាកាសយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពជាដំណាំ។

លោកប្រធាននាយកដ្ឋានផ្គត់ផ្គងទឹកជនបទ បានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍នានា និងអាជ្ញាធរមូលដ្ឋាន ដែលខិតខំអស់ពីលទ្ធភាពកន្លងមកដើម្បីចូលរួមលើកកម្ពស់ស្ថានភាពអនាម័យជនបទឲ្យកាន់តែល្អប្រសើរឡើងជាមួយគ្នា៕