កំពង់ចាម: ប្រជាពលរដ្ឋ ក្នុងស្រុកជេីងព្រៃ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ១៣ករណី ត្រូវបាន អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ៤ករណី និងករណីដែលនៅសេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តបទុមារាម (វត្តឈូក) ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានេះ ឯកឧត្តម ផេន សុផល អភិបាលរងខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នេីសុំស្លាកសញ្ញាចរាចរណ៍ សុំបង្គោលតបណ្តាញអគ្គិសនី សុំពិនិត្យឡើងវិញចំពោះខ្សែបណ្តាញអគ្គិសនីនៅតាមដងផ្លូវ និងបញ្ហារងផលប៉ះពាល់ដោយសារការរស់នៅជិតរោងម៉ាស៊ីនកិនស្រូវ បញ្ហាបទល្មើសនេសាទដោយការដាក់របាំងបណ្តាលឱ្យស្ទះទឹកនៅតំបន់ស្ទឹងឆ្វេង បញ្ហាចម្លងសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ បញ្ហាប្រឡាយទឹក និងផ្លូវចាស់បូរាណ បញ្ហាទឹកលិចក្នុងទីធ្លាសាលារៀនជាដើម ។ល។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍បូក សរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕