ឧត្តមសេនីយ៍ទោ សោម ស៊ុន  ត្រួតពិនិត្យស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងចម្រុះប្រចាំការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យ និងស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់កងកម្លាំង ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល ដែលទើបបង្កើតថ្មី នៅតំបន់ភ្នំប្រង់  ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទីបញ្ជាការស្រាលការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលទើបបង្កើតថ្មីនៅដែនជម្រកសត្វព្រៃបឹងពែរ តំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តព្រះវិហារ  ដែលមានផ្ទៃដីព្រៃសហគមន៍មានទំហំជាង ២,៥០០ហិកតា ហើយជាច្រើនឆ្នាំកន្លងទៅនេះ ត្រូវបានក្រុមជនជនខិលខូចមួយចំនួន បានលួចកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិអស់ប្រមាណ២,០០០ ហិកតា ។ ដែលបច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ វិនិច្ឆ័យ នៅតំបន់ដែលត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងតំបន់ដែលត្រូវគ្រប់គ្រងការពារ ដែលជនខិលខូចលួចកាប់ទន្ទ្រានកន្លងទៅ ដើម្បីវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន ។

នៅក្នុងឱកាសត្រួតពិនិត្យស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងចម្រុះនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ដើម្បីមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ហើយនៅពេលខាងមុខនេះ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងរៀបចំជម្រកស្នាក់នៅជូនបងប្អូន ឲ្យបានសមរម្យ ។

កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែចុះសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដល់កងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង១៤ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំនៅគ្រប់ទីកន្លែងនាពេលកន្លងទៅ ធ្វើឱ្យបងប្អូនមានភាពកក់ក្តៅ ក្នុងការបំពេញភារកិច្ច ប្រកបដោយជោគជ័យ៕។ដោយ វេហាស៍