អាវុធហត្ថខេត្តតកែវពន្លាតដែនសមត្ថកិច្ចដល់រាជធានីភ្នំពេញបង្ក្រាបជនសង្ស័យពាក់ពន័ន្ធគ្រឿងញៀនខុសច្បាប់

0

ខេត្តតាកែវ​៖​ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ជាមួយនិងវត្ថុតាងមួយចំនួនធំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេសរាជធានីភ្នំពេញធ្វេីការបង្ក្រាបបាន​ កាលពីថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៤​។
ដោយបានការអនុញ្ញាតពីលោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី​ ពីលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ​ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង និងលោកអនុសេនីយ៍ឯក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន​ បានពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដោយបានសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់។ ជាលទ្ធផល​ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ ណារ៉ា ហៅ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកដឹកជញ្ជូន រក្សាទុកជួញដូរគ្រឿងញៀន(មិនចេះប្រើប្រាស់)​ នៅម៉ោង១៤និ៥៥នាទី ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ២០ លើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះបានដកហូតវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ធំ ទម្ងន់:១០១.៥៦g ថ្លឹងទាំងសំបកថង់ (សង្ស័យជាសារធាតុញៀន)។
២.ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកអាយហ្វូន11ប្រូម៉េក។
៣.ម៉ូតូចំនួន ០១គ្រឿង ម៉ាកC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KP7714។
លុះដល់ម៉ោង ១៧និង០០នាទីថ្ងៃខែឆ្នាំដដែល ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ បាននាំមកចង្អុលបង្ហាញផ្ទះជួល លេខ៣៦E1 ផ្លូវរថភ្លេីង ក្រុម៣៩ ភូមិ ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បានធ្វើការឆែកឆេរ​ និងរកឃើញវត្ថុតាងបន្ថែមរួមមាន ៖
១.ប័ណ្ណចាក់វ៉ាក់សាំង ០២ សន្លឹក
២.ប័ណ្ណ ប.ស.ស ចំនួន០២សន្លឹក
៣.សំបុត្របញ្ជាក់កំណើត០១សន្លឹក
៤.សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន
៥.លោហ:ធាតុពណ៍លឿងមានដាំត្បូងពណ៍ស ក្រហម ខៀវ មួយចំនួន។ ជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ គង់ សុភា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនសង្ស័យដែលឃាត់ខ្លួនខាងលើ បានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕