ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុបានសម្រេចបញ្ឈប់ការដ្ឋានសំណង់មួយកន្លែង ក្រោយពិនិត្យឃើញថាគ្មានច្បាប់អនុញ្ញាតដោយសាងសង់រំលោភលើដីឆ្នេរសមុទ្រ

0

ខេត្តព្រះសីហនុ៖ថ្មីៗកន្លងទៅនេះក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយ លោក ឃន ម៉ន នាយករង រដ្ឋបាលសាលា ក្រុង បានចុះពិនិត្យទីតាំងសង់សំណង់លើចំណីសមុទ្រ មួយកន្លែងស្ថិតនៅភូមិ៣ (ទំនប់រលក)  សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីក្រុមការងារចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា នៅលើទីតាំងកំពុងមានសកម្មភាពជួសជុលសំណង់ចាស់ដែលមានស្រាប់ មានទំហំ ៤,៦ម៉ែត្រx ១២ម៉ែត្រ និងកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១)ជាមួយគ្នានេះនៅលើទីតាំងក៏មានការសាងសង់សំណង់ពង្រីកបន្ថែមអំពីបេតុង មានទំហំ ៥,៥ម៉ែត្រ× ២២,៤ម៉ែត្រដោយបានបណ្តុះសសរបេតុង និងមានកម្ពស់ ៣ជាន់ (ជាន់ទី១ ជាន់ទី២ និងជាន់ទី៣) ក្នុងនោះបានចាក់ប្លង់សេរួច និងរៀបឥដ្ឋជញ្ជាំងបានមួយចំនួន ស្ថិតនៅលើដីចំណីសមុទ្រទាំងស្រុង។ក្រុមការងារបានជួប និងសាកសួរឈ្មោះ សុខ គឹម ភេទស្រី កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៣ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះ១៦៣០៣១អឺ២ ផ្លូវ២៩៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧១៣៤២៤(០១) ជាអ្នកមើលការខុសត្រូវទីតាំងសំណង់ បានបញ្ជាក់ជូន ក្រុមការងារថា ទីតាំងសង់សំណង់ខាងលើនេះ ពុំមានលិខិតអនុញ្ញាតសាងសង់ទេ ហើយនាងខ្ញុំ និងក្រុមជាង ចំនួន ០៤នាក់ទៀត មកមើលការខុសត្រូវ និងសង់សំណង់នេះតាមរយៈមេកា(មិនស្គាល់ឈ្មោះ)។ យើងខ្ញុំទាំង ០៥នាក់សូមធ្វើការសន្យាចំពោះមុខក្រុមការងារថានឹងបញ្ឈប់សកម្មភាពសាងសង់សំណង់លើចំណីសមុទ្រដោយ ពុំមានលិខិតអនុញ្ញាតចាប់ពីថ្ងៃផ្តិតស្នាមមេដៃនេះតទៅនិងតម្រូវឱ្យម្ចាស់សំណង់ និងក្រុមជាងបញ្ឈប់រាល់ សកម្មភាពសាងសង់សំណង់លើដីចំណីសមុទ្រ និងត្រូវធ្វើការរុះរើសំណង់ចេញពីចំណីសមុទ្រជាបន្ទាន់ ព្រម ទាំងបានសម្រេចដកហូតយកសម្ភារសាងសង់រួមមាន៖ ម៉ូទ័រកាត់ដែក ០១គ្រឿង, ប៉ែលជីកចំនួន ០២ដើម,ម៉ូទ័រស្វាន ០១គ្រឿង, ម៉ែត(៧,៥ម) ០១គ្រឿង, ស្លាបព្រាកំបោរចំនួន ០៣ដើម, ដែកដក ០១ដើម, ញញួរចំនួន ០៣ដើម, នីវ៉ូថ្លឹង ០១ដើម និងម៉ូទ័រយោង ០១គ្រឿង យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីនោះឡើយ។ក្នុងករណីម្ចាស់សំណង់ និងក្រុមជាងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ នោះក្រុមការងារនឹងចាត់វិធានការតាមនីតិវិធីច្បាប់៕

នាគសមុទ្រ