ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ព្រមទាំងបាននាំយកនូវអំណោយសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាល ឈរជើងនៅតំបន់កោះរះ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងចម្រុះទាំងអស់ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលតំបន់កោះរះ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល ៧ខែកន្លងទៅនេះ ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ការពារទប់ស្កាត់ ឲ្យបានដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ បានជាដាច់ខាត ។ ក្នុងករណីមានជនល្មើសនៅតែបំពានកាប់ទន្ទ្រានដីព្រៃលិចទឹក ដែលកំពុងប្រព្រឹត្តជាក់ស្ដែង កម្លាំងសមត្ថកិច្ចជំនាញ ត្រូវចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង កសាងសំណុំលិខិតតាមនីតិវិធី ប្រគល់ជូនតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោយ៍ សោម ស៊ុន បានប្រគល់ជូនប្រេងឥន្ធនៈចំនួន ១៥០លីត្រ អង្ករចំនួន ១៥០ គីឡូក្រាម មីជាតិចំនួន ១០កេស ត្រីខកំប៉ុងចំនួន ១០ យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៥ យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផា រ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយគ្មានការដកថយឡើយ ៕អត្ថបទ វេហាស៍