(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករង ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីឧបាយកលដ៏ពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់សមរង្ស៊ី កំពុងធ្វើការញុះញង់បំផុសបំផុល បំភ្លៃការពិតលើបញ្ហាព្រំដែនគោក និងព្រំដែនទឹករបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង និងបំផុសបំផុលញុះញង់បញ្ហាផ្សេងៗទៀត ក្នុងចេតនាគៀងគរអ្នកគាំទ្រក្រុមប្រឆាំង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិប តេយ្យ។
ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនានិងព្រះមហាក្សត្រ ។ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយត្រូវប្ដេជ្ញាចិត្តដាច់ខាត ប្រឆាំងនូវរាល់ចលនាញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះអន្តរាយដោយសារសង្គ្រាម សារជាថ្មី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវតែត្រៀមខ្លួន និងគ្រឿងបំពាក់ ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ រួចជាស្រេចក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ។ ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌នៅលើទឹកដីកម្ពុជាបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ ។ ជាមួយនោះត្រូវយកចិត្តទុកដាក់ចូលរួមសហការអនុវត្តន៍តាមគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពនៅតាមមូលដ្ឋាននានា ជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ឲ្យទទួលបានជោគជ័យ ។
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តដាច់ខាតគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទឲ្យមានប្រសិទ្ធភាព៕ វេហាស៍