(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក ឃីមសុខឃាង បានជំរុញឲ្យបងប្អូនបង្ហាញពីកង្វល់ ដោយភាពស្មោះត្រង់ចេញពីបេះដូង ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនៅពេលនោះលោកអភិបាលស្រុក លើកឡើងថាប្រជាពលរដ្ឋគឺជាភ្នែកជាច្រមុះ ដែលឆ្លុះបញ្ចាំងពីការបម្រើសេវារបស់មន្ត្រីសាធារណៈតាមគ្រប់រូបភាព បើបងប្អូនមិនសប្បាយចិត្តបញ្ជាក់ពីភាពអសកម្មរបស់មន្ត្រីរបស់យើង។ តែបើបងប្អូនមានការសប្បាយចិត្តអបអរសាទរបញ្ជាក់អំពីការបម្រើសេវារបស់មន្ត្រីសាធារណៈបានល្អ។
លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ របស់បងប្អូន ដើម្បីផ្លាស់ប្ដូរយោបល់និងចូលរួមដោះស្រាយតាមលទ្ធភាព។ ក្នុងករណីដែលកង្វល់របស់បងប្អូនមិនអាចដោះស្រាយបាន អាជ្ញាធរមូលដ្ឋាននឹងលើកយកបញ្ហានោះដើម្បីស្នើសុំទៅថ្នាក់ដឹកនាំក្រុមការងារជួយដោះស្រាយផងដែរ។
លោកអភិបាលស្រុកប្រាសាទសំបូរ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានជៀសវាងប្រើប្រាស់បណ្ដាញសង្គមធ្វើជាវេទិកាជជែកពិភាក្សា។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ.ពិនិត្យដោយអ៊ុមញឹប