សៀមរាប: អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង បានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារគ្រប់គ្រងទឹកឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។


សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ នឹងត្រូវយកមកដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ នាទីស្នាក់ការរបស់សហជីព នាប្រទេសបារាំង៕