បន្ទាយមានជ័យ៖ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការសហការជាមួយ មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំបើកសិក្ខាសាលាស្ដីពីការឆ្លុះបញ្ចាំងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រឹងសមត្ថភាពការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងទិសដៅឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាន់ ស្មាវី អនុរដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ និងលោក លោកស្រីជាសិក្ខាកាមមកពីតាមបណ្ដាល ២៥ រាជធានី ខេត្ត ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២.១៣ ខែធ្នូ ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។
លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានមានប្រសាសន៍លើកឡើងថា៖ ការបើកសិក្ខាសាលានៅថ្ងៃនេះមានគោលបំណង៖១,ផ្តល់ការយល់ដឹងអំពីការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីនីតិវិធីកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ និងដំណើរការផ្តល់មតិជំទាស់ និងសំណូមពរ។២,ពង្រឹងការប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត។៣,ជម្រុញការផ្សព្វផ្សាយនិងទំនាក់ទំនងដល់អ្នកពាក់ព័ន្ធអំពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងការផ្តល់មតិជំទាស់ និងសំណូមពរ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សាន់ ស្មាវី បានមានប្រសាសន៍លើកឡើងថា៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលជាយន្តការស្នូលរបស់ក្រសួងផែនការក្នុង ការកំណត់គ្រួសារក្រីក្រដំបូងគេបង្អស់ ត្រូវបានរៀបចំ និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា និងបាន ចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០០៧ រហូតមក ដោយឈរលើមាគ៌ាឆ្ពោះទៅរកការគាំពារសង្គមឲ្យ កាន់តែប្រសើរឡើង ប្រកបដោយវិបុលភាពរួមមួយ។ បច្ចុប្បន្ននេះ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាទិន្នន័យមូលដ្ឋានដ៏សំខាន់របស់ប្រព័ន្ធកាំពារសង្គម នៃរាជរដ្ឋាភិបាល អម្ពុជា ដែលត្រូវបាននិងកំពុងប្រើប្រាស់ដោយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍយ៉ាងទូលំទូលាយ សម្រាប់កិច្ចអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ដែលរួមបញ្ចូលការផ្តល់សេវាសុខភាព ការអន្តរាគមន៍នៅពេលជួបគ្រោះមហន្តរាយ និងសម្ពាធអតិផរណា កម្មវិធីស្បៀងពលកម្ម និងអាហារូបករណ៍សម្រាប់សិស្សក្រីក្រ ព្រមទាំងការឧបត្ថម្ភសាច់ប្រាក់ អំឡុងពេលប្រយុទ្ធនឹងជំងឺក្ខវិ៥-១៩ និងស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំជាដើម។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់ថា៖សារៈសំខាន់របស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលនឹងបម្រើដល់ គោលនយោបាយអាទិភាពចំនួន០៣ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង០៦ នៃយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដែលក្នុងនោះមាន៖(ទី១) ការផ្តល់ការថែរក្សាសុខភាពឆ្ពោះទៅកម្មវិធី គ្របដណ្តប់សុខភាពជាសកល (ទី២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និង (ទី៣) ការធ្វើស្ថាបន្តបនីយ កម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង ក្រាមានគ្រោះអាសន្ន៕ដោយ៖ឃិន គន្ធា