បន្ទាយមានជ័យ៖ប្រធានបទសំខាន់ៗចំនួនប្រាំ ដូចខាងក្រោម÷១-ប្រកាសទទួលស្គាល់ សមាជិកទីប្រឹក្សាថ្មី២-ការធ្វើកំណែទម្រង់ ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ ៣-ការធ្វើ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៥ ៤-ការបង្កើត សមាជិកសភាថ្នាក់ស្រុក ៥-ការតព្វកិច្ចនិងការទទួលខុសត្រូវលើការងារបច្ចេកទេសទាំងប្រាំពីរ ត្រូវបានលើកយក ពិភាក្សា និងអនុម័ត្ត ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី៣ របស់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៣នាសាលប្រជុំរបស់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យស្ថិតនៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ឧកញ៉ាអ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ នេះគឺជាកាលានុវត្តភាពរបស់សភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ ហើយវិស័យការងារបច្ចេកទេសទាំងប្រាំពីរ គឺជាចលករដ៏សំខាន់ ក្នុងការធ្វើសហប្រតិបត្តិការជាមួយវិស័យសាធារណៈដែលកន្លងមកយើងបានស្នើ យន្តកាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីអនុវត្តកិច្ចការតាមទិសដៅការងាររបស់សភាពាណិជ្ជកម្មខេត្ត ប្រកបដោយចីរភាពនិងមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ឃិន គន្ធា