ខេត្តកំពត: អ្នកតំណាងរាស្រ្តមណ្ឌលកំពតបានជំរុញលើកទឹកចិត្តដល់ថា្នក់ដឹកនាំ មន្ត្រីព្រះសង្ឃ សមណសិស្សគ្រប់អង្គ ឲ្យគោរពប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវធម៌វិន័យ ដើម្បីលើកស្ទួយ ព្រះពុទ្ធសាសនា ឱ្យនៅគង់វង្សស្ថិតស្ថេរចីរកាល តាមរយៈការធ្វើខ្លួនជាស្រែបុណ្យដ៏ល្អ សម្រាប់ពុទ្ធបរិស័ទ ដើម្បីចូលរួមចំណែក រក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងការអភិវឌ្ឍន៍ក្នុងសង្គម។
ថ្លែងក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពត នាព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មាធិការទី១០នៃរដ្ឋសភា នីតិកាលទី៧ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ សូមមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រ និងធ្វើខ្លួនជាស្រែបុណ្យដ៏ល្អ សម្រាប់ពុទ្ធបរិស័ទ ដើម្បីចូលរួមចំណែករក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គម លើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។
ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បានថ្វាយបង្គំស្នើដល់ព្រះមេគណខេត្តកំពត ទាំង២គណៈ ឲ្យណែនាំដល់ព្រះចៅអធិការពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖ ១៖ បព្វជ្ជា (ការបួស) ២៖ បរិយត្តិ (ការសិក្សា) ៣៖ បដិបត្តិ ( ការប្រតិបត្តិ) ៤៖ បដិវេធៈ(លទ្ធផល) ៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ សម្រាប់វត្តអារាម របស់ក្រសួងធម្មការ និងសាសនា គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជាខេត្ត ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងសាសនា ។
ឯកឧត្តមបណ្ឌិត បានបវរណាសូមដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខ និងសិក្សាប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជាទុន ក្នុងការផ្តល់នូវឱវាទដល់ព្រះជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃ ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗ ដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ។
តាមរបាយការណ៍របស់ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនា នៅក្នុងឆ្នាំ ២០២៤នេះខេត្តកំពតមានវត្តចំនួន២៧៤វត្ត ក្នុងនោះ វត្តគណៈមហានិកាយ ចំនួន២៤៧វត្ត. និងវត្តគណៈធម្មយុត្តិកនិកាយ ចំនួន២៧វត្ត ព្រះសង្ឃសរុបចំនួន២.៦៣៧ អង្គ (គណៈមហានិកាយចំនួន២.៤៤៦អង្គ) លោកអាចារ្យប្រចាំវត្តចំនួន ៩០៣ នាក់ អាចារ្យយោគី ចំនួន២១៥ នាក់ អាចារ្យមង្គលការ ចំនួន៣៧៥នាក់ និងគណៈកម្មការវត្ត មានចំនួន១.៥៩៦នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានប្រគេនបច្ច័យដល់ព្រះសង្ឃ និងថវិកាដល់គណៈកម្មាធិការអាចារ្យវត្ត រួមនិងចង្ហាន់ សរុបការចំណាយអស់ ជាង៥០,០០០,០០០រៀល៕ សេង ណារិទ្ធ