ខេត្តព្រះសីហនុព្រឹកកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ជម្រើសកំណែទម្រង់រចនាសម្ព័ន្ធលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារខ្សាច់មាស់ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម
ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាតំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម ។សិក្ខាសាលា មានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីថ្នាក់តំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៤នាក់ ។
ឯកឧត្តម ប៊ុន ហ៊ាន បានមានប្រសាសន៍បើកសិក្ខាសាលាគូសបញ្ជាក់ថាគណៈកម្មការទន្លេ មេគង្គ (MRC )បាននិងកំពុងធ្វើដំណើរការផ្លាស់ប្តូរមួយដើម្បីបំពេញតាមការប្តេជ្ញាចិត្តនិងទិសដៅនៃសេចក្តីថ្លែងការណ៍ ហួ ហ៊ីន ឆ្នាំ២០១០ នៅប្រទេសថៃ ដែលត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងហូជីមិញ ឆ្នាំ២០១៤នៅប្រទេសវៀតណាមទាក់ទងនិងស្វ័យភាពហិរញ្ញវត្ថុ និងនិរន្តរភាពរបស់គណៈកម្មការទន្លេមេគង្គរហូតដល់ឆ្នាំ២០៣០ សំដៅឆ្ពោះទៅបង្កើនប្រសិទ្ធភាពក្នុងការអភិ-វឌ្ឍន៍ និងការគ្រប់គ្រងអាងទន្លេមេគង្គក្រោម ។
ទន្ទឹមនេះដែរដើម្បីពង្រឹងការគាំទ្រនិងបង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពសម្រាប់អនុវត្តវិមជ្ឍការមុខងារស្នូលរបស់គណៈកម្មការទន្លេមេគង្គក្នុងការគ្រប់គ្រងអាងទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គបានរៀបចំធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធប្រតិបត្តិការ ដែលតម្រូវអោយប្រទេសជាសមាជិកទាំងបួនកម្ពុជា ឡាវ ថៃ និងវៀតណាមយកចិត្តទុកដាក់និងផ្តោតជាសំខាន់លើការធ្វើវិមជ្ឈការមុខងារស្នូល និងដើម្បីបង្រួមលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអោយកាន់តែតូច និងមានប្រសិទ្ធិភាពក្នុងការងារគ្រប់គ្រងអាងទន្លេមេគង្គ ។
ឯកឧត្តមក៏បានបន្តទៀតថា អង្គសិក្ខាសាលានាពេលនេះ ក្នុងគោលបំណង ដើម្បីពិភាក្សា និងប្រមូលមតិយោបល់លើសំណើជម្រើសកំណែទម្រង់រចនាសម្ព័ន្ធ និងតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លេខាធិការគណៈកម្មការទន្លេមេគង្គ សម្រាប់គាំទ្រដល់ការអនុវត្តវិមជ្ឍការមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេរបស់គណៈកម្មការទន្លេមេគង្គអោយកាន់តែមានប្រសិទ្ធិភាព ។
តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តម សង្ឃឹមថាអស់លោក លោកស្រីទាំងអស់ដែលចូលរួមពិភាក្សា ដើម្បីរួមចំណែកយ៉ាងសកម្មផុលផុសក្នុងការ និងផ្លាស់ប្តូរនូវគំនិតយោបល់ដើម្បីអោយសិក្ខាសាលារបស់យើងសម្រេចបានលទ្ធផល តាមការគ្រោងទុកក្នុងការរួមគ្នាចូលរួមគ្រង់គ្រងអាងទន្លេមេគង្គអោយមាននិរន្តរភាពនៅពេលខាងមុខ ៕