ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២ ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលសកម្មភាពការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងបានលើកឡើងនូវសេចក្តីព្រាងទិសដៅ សម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងផ្ដល់យោបល់សម្រេច ។
បន្ទាប់មកអង្គប្រជុំ បានដំណើរការពិភាក្សាកែសម្រួល និងបំពេញបន្ថែម នូវបណ្ដាខ្លឹមសារមួយចំនួនក្នុងសេចក្តីព្រាងរបាយការណ៍ និងទិសដៅ ដើម្បីរាយការណ៍ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជាផ្លូវការ ។
ឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ផ្នែកជំនាញគ្រប់ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានតាមផែនការ ដែលថ្នាក់លើ បានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៍ :
ទីមួយ ត្រូវបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីរួមចំណែកឲ្យខេត្តកំពង់ធំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ជាទីសុខសាន្តរបស់ប្រជាជន និងភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ និងទេសចរណ៍កម្សាន្តនៅក្នុងខេត្តកំពង់ធំ។
ទីពីរ : ត្រូវបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ តាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូន ។
និងទីបី : ត្រូវមានផែនការ និងសហការឱ្យបានល្អ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ និងត្រូវចាត់តាំងកម្លាំងចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៤៦ ឆ្នាំ ទិវាបុណ្យជាតិ(៧មករា ១៩៧៩- ៧មករា ២០២៥) ដែលជាថ្ងៃមហាជ័យជម្នះ ក្នុងការវាយផ្ដួលរំលំរបបអាវខ្មៅប៉ុល ពត រំដោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ នៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងនៅតាមបណ្ដាមូលដ្ឋាននានា ឱ្យមានភាពអធិកអធម៕វេហាស៍