នគរបាលខេត្ត បញ្ជូនជនសង្ស័យ ៦នាក់ ទៅតុលាការខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យ ៦នាក់ ក្នុងនោះ ៤នាក់ជាក្មេងទំនើង និងជាមុខសញ្ញាប្រើប្រាស់ម៉ូតូកែច្នៃបំពងសម្លេង ប្រើប្រាស់ដាវ កាំបិត និង ២នាក់ទៀត គឺជាក្រុមចោរលួច និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ទៅកាន់អយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។

ជនសង្ស័យ ៤នាក់ ជាក្មេងទំនើង ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលប្រមូលផ្តុំគ្នានៅមុខផ្ទះសំណាក់មូល វណ្ណា ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង និង ២នាក់ទៀត ជាក្រុមចោរលួច និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានចុះស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់កាឆែកឆេផ្ទះមួយកន្លែង ឃាត់ខ្លួនបាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិអូពោធិ ឃុំរមនីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងការិយាល័យជំនាញ និងអធិការនគរបាលក្រុង-ស្រុក ត្រូវបង្ក្រាបក្មេងទំនើងឲ្យមានប្រសិទ្ធិភាព ដោយគ្មានការលើកលែងជាដាច់ខាត។

លោកវរសេនីយ៍ឯក គង់ គា បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង នៅថ្ងៃទី២៨ធ្នូ២០២៤ ​បានចុះល្បាតតាមភូមិសាស្ត្រទទួលខុសត្រូវ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងមួយក្រុមមានគ្នា ៤នាក់ ដែលជាមុខសញ្ញាកែច្នៃម៉ូតូបំពងសម្លេងឮខ្លាំង និងជាមុខសញ្ញាប្រើប្រាស់ដាវ កាំបិត និងក្រោយពីបានឃាត់ខ្លួនរួចមក សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានទាំង ៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូកែច្នៃ ២គ្រឿង និងដាវ ១ដើម។

លោកវរសេនីយ៍ឯក គង់ គា បានបន្តទៀតថា​ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងចុះស៊ើបអង្កេត និងឈានដល់ការឆែកឆេផ្ទះមួយកន្លែង ស្ថិតនៅភូមិអូពោធិ ឃុំរមណី ស្រុករវៀង ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ថែមទៀត។

លោកវរសេនីយ៍ឯក គង់ គា​ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុងបាននូវ ម្សៅក្រាមសថ្លា ៥កញ្ចប់ធំ, ម៉ូតូ ៣គ្រឿង, បន្ទះសូលែតូចធំ ៥បន្ទះ, អាគុយ៧០ ទៅ១០០អំពែ ៨អាគុយ, ម៉ូទ័របូមទឹក៣គ្រឿង, ម៉ូទ័បុកនិងស្វាន២គ្រឿង, ក្បាំងម៉ូតូ ២គូ, បូមម៉ូតូ ១គូ, ម៉ាស៊ីនកាត់ស្មៅ ២គ្រឿង, ខ្សែភ្លើង និងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត ផងដែរ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានបញ្ជាក់ទៀតថា ក្រោយការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងនៅព្រឹកថ្ងៃទី២៩ធ្នូនេះ ជនសង្ស័យទាំង ៦នាក់ ត្រូវបានបញ្ចប់នៃការសាកសួរ និងបំពេញសំណុំរឿងតាមនិតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ហើយបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ