ពលរដ្ឋ និងភ្ញៀវទេសចរថាបុណ្យឆ្លងឆ្នាំនៅខេត្តកំពតរៀបចំស្អាតទាក់ទាញនិងអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ

0

ខេត្តកំពត: ពិធីឆ្លងឆ្នាំ២០២៤ ចូល២០២៥ នៅខេត្តកំពតបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ បន្សល់នូវស្នាមញញឹមពោពេញដោយអនុវស្សាវរីយ៍ និងដោយក្តីសង្ឃឹម សម្រាប់ឆ្នាំថ្មី២០២៥។ ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបង្ហាញក្តីរំភើបរីករាយឥតឧបមា និងថាពិតជាមិនខកបំណង ដែលខ្លួនបានមកឆ្លងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំស្អាត ទាក់ទាញ និងអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ ។ ពួកគាត់បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាជនទូទាំងប្រទេសផងដែរ។

ទិដ្ឋភាពក្រុងកំពត ពិសេសតំបន់សួនច្បារ និងឆ្នេរខ្សាច់មាត់ព្រែក ចាប់ពីស្ពានថ្មី រហូតដល់ឆ្នេរខ្សាច់កោះស្មៅ (ប្រមាណ៦គីឡូម៉ែត្រ) នៅរាត្រីឆ្លងឆ្នាំ២០២៤ ចូល២០២៥  គេសង្កេតឃើញមានប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកជួបជុំគ្នា លក្ខណៈជាគ្រួសារ មិត្តភក្តិ និងក្រុមការងារ អង្គុយទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់  អ្នកខ្លះហូបបណ្តើរ រាំកម្សាន្តបណ្តើរ ញ៉ាំងឲ្យបរិយាកាសឆ្លងឆ្នាំនៅក្រុងកំពត មានភាពអ៊ូអរ និងអធឹកអធមក្រៃលែង។ ម្យ៉ាងទៀតរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស អមដោយការរៀបចំលម្អភ្លើងផ្កាភ្ញីចម្រុះព័ណ៍ដ៏ស្រស់ស្អាតផងនោះ  បានធ្វើឲ្យមនុស្សម្នាទាំងចាស់ ទាំងក្មេងបានមកក្រាលកន្ទេល ខ្លះបោះតង់ គេងរង់ចាំពេលវេលារាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួច ទាំងត្រើយខាងកើត និងត្រើយខាងលិច ខណៈដែលការប្រគំតន្ត្រីក៏មានច្រើនកន្លែងផងដែរ។
ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបង្ហាញអារម្មណ៍រំភើបរីករាយឥតឧបមា និងថាពិតជាមិនខកបំណង ដែលខ្លួនបានមកឆ្លងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំស្អាត ទាក់ទាញ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ  ម្ហូបអាហារ និងសេវាស្នាក់នៅផ្សេងៗគ្មានការដំឡើងថ្លៃទេ  ពិសេសឃើញមានអ្នកមកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល  បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជារួមនៅក្នុងខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំ មានភាពល្អប្រសើរ គ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

ដោយឡែកលំហូរភ្ញៀវមកដើរកម្សាន្តមានច្រើនទាំងពេលថ្ងៃ និងនៅពេលរាត្រី ចំនួនភ្ញៀវសរុប១៩៨ ៥០១នាក់ នាក់ក្នុង នោះ៖ ភ្ញៀវទេសចរជាតិ ១៩៧,៨៤៨នាក់ ភ្ញៀវអន្តរជាតិចំនួន៦៥៣នាក់។ លោកបានបញ្ជាក់ផងដែរថាវត្តមានដ៏ច្រើនរបស់ភ្ញៀវទេសចរនេះ បានបង្ហាញអំពីភាពជោគជ័យរបស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ របស់ឯកឧត្តមម៉ៅ ធនិន  ដែលលោកតែងតែបានយកចិត្តទុកដាក់ និងជំរុញវិស័យទេសចរណ៍ខេត្ត តាមរយៈការបង្កើតសមិទ្ធផលថ្មីៗជាច្រើន ដើម្បីស្រូបទាញយកភ្ញៀវទេសចរឲ្យបានច្រើនបំផុតតាមដែរអាចធ្វើបាន  ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ក៏ដូជាសេដ្ឋកិច្ចខេត្ត ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕ សេង ណារិទ្ធ